សិល្បៈ និង កម្សាន្ត

អតីតរាជិនី សម្រស់ថៃនាង Noinonthong អាចប្រឈមនឹងការជាប់ពន្ធនាគារ៣ឆ្នាំ បន្ទាប់ពីបាត់បង់ម្កុដដោយសារខ្លឹមសារអាសអាភាស

ថៃ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Suphannee “Baby” Noinonthong ដែលត្រូវបានដកហូតតំណែង ជាម្ចាស់ម្កុដ Miss Grand Prachuap Khiri Khan 2026 មួយថ្ងៃ បន្ទាប់ពីការឡើងគ្រងតំណែង ឥឡូវនេះអាចប្រឈមមុខ នឹងការកាត់ទោសដាក់ពន្ធនាគារ ដោយសារតែខ្លឹមសារច្បាស់លាស់កន្លងមក ដែលនាំទៅដល់ការទម្លាក់តំណែង របស់នាង ។

យោងតាមកាសែត Tien Phong បាននិយាយថា បន្ទាប់ពីគណៈកម្មាធិការ រៀបចំការប្រកួតបានប្រកាសដកនាង Noinonthong កាលពីថ្ងៃអាទិត្យ នាង និង Kanchi ដែលជានាយក Miss Grand Thailand នៅ Prachuap Khiri Khan បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ថៃ កាលពីថ្ងៃអង្គារ ដើម្បីទាមទារឱកាស ដើម្បីរក្សាតំណែងរបស់នាង ។

មេធាវីម្នាក់បានចូលរួមការផ្សាយផ្ទាល់ ដើម្បីបំភ្លឺរឿងផ្លូវច្បាប់។ មេធាវីបានសួរនាង Noinonthong ថា តើនាងបានដឹងហើយថា កិច្ចសន្យារបស់នាង ហាមប្រាមរូបថត ឬវីដេអូជាក់លាក់ ។ នាងបានទទួលស្គាល់ថា នាងមិនបានអានកិច្ចសន្យានោះទេ ហើយក៏មិនបានដឹងពីឃ្លានេះដែរ។ មេធាវីក៏បានព្រមានថា នាងអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំធ្វើឲ្យនាង Noinonthong ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នាង Noinonthong បាននិយាយថា ខ្ញុំមិនចង់ចូលគុកទេ។

Kanchi បានស្នើឲ្យមានការប្រឹក្សាជាមួយ Nawat Itsaragrisil ប្រធាន Miss Grand International និងជានាយកថ្នាក់ជាតិនៃ Miss Universe Thailand ទាក់ទងនឹងលទ្ធភាពនៃការគ្រងមកុដរបស់នាងឡើងវិញ។ លោក Itsaragrisil បានឆ្លើយតបថា ប្រសិនបើ Kanchi ចង់ផ្តល់ឱកាសឲ្យនាង Suphannee Noinuanthong រក្សាតំណែងរបស់នាង ខ្ញុំនឹងព្យាយាមពិភាក្សា និងពិចារណាឡើងវិញ ។ ការសម្រេចចិត្តចុងក្រោយនៅតែមានជាមួយ Kanchi ។

បច្ចុប្បន្ន ក្រុមការងាររបស់ Itsaragrisil គ្រោងនឹងធ្វើការពិភាក្សា បន្ថែមជាមួយគណៈកម្មាធិការរៀបចំការប្រកួតខេត្ត និងផ្តល់សេចក្តីសម្រេចចុងក្រោយ ដល់សាធារណជនឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

យោងតាម Thaiger បាននិយាយថា ការប្រកួតចុងក្រោយនៃកម្មវិធី Miss Grand Prachuap Khiri Khan  2026 បានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍ ដោយនាង Noinonthong បានឈ្នះពាន ហើយគ្រោងនឹងប្រកួតប្រជែង ក្នុងការប្រកួតថ្នាក់ជាតិ ជាមួយនឹងតំណាងមកពី ៧៦ ខេត្តផ្សេងទៀត៕

Most Popular

To Top