អូស្លូ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាកលោក Mette Frederiksen បានឧ្យដឹងថាប្រទេសនេះកំពុងប្រឈមមុខនឹង “សង្រ្គាមកូនកាត់” បន្ទាប់ពីការមើលឃើញជាបន្តបន្ទាប់នៃយន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋាន និងកន្លែងយោធានៅសប្តាហ៍នេះដោយហៅវាថាជាផ្នែកមួយនៃគំរូនៃការគំរាមកំហែងទូលំទូលាយនៅទូទាំងទ្វីបអឺរ៉ុប។
លោក Frederiksen បានប្រាប់ទូរទស្សន៍ដាណឺម៉ាក DR ថា “អ្វីដែលយើងកំពុងជួបប្រទះនៅក្នុងប្រទេសដាណឺម៉ាកនាពេលនេះ គឺសង្គ្រាមកូនកាត់។ វាគឺជាផ្នែកមួយនៃគំរូដែលយើងឃើញផងដែរនៅក្នុងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត នេះជាស្ថានភាពគោលនយោបាយសន្តិសុខថ្មី ហើយវានៅឆ្ងាយជាងមុន”។
យន្តហោះគ្មានមនុស្សបើកដ៏ធំត្រូវបានគេសង្កេតឃើញកាលពីល្ងាចថ្ងៃពុធនៅលើអាកាសយានដ្ឋាន Aalborg របស់ប្រទេសដាណឺម៉ាក អាកាសយានដ្ឋាន Esbjerg អាកាសយានដ្ឋាន Sonderborg មូលដ្ឋានទ័ពអាកាស Skrydstrup និងការដំឡើងយោធានៅ Holstebro នេះបើយោងតាមមន្ត្រីប៉ូលិស និងការពារជាតិ។
កាលពីល្ងាចថ្ងៃចន្ទ អាកាសយានដ្ឋាន Kastrup នៃទីក្រុង Copenhagen បានផ្អាកប្រតិបត្តិការដោយសារតែឧប្បត្តិហេតុយន្តហោះគ្មានមនុស្សហោះហេីររយៈពេលប្រហែល ៤ម៉ោង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ២ម៉ឺននាក់។ នៅប្រទេសន័រវេសដែលនៅជិតខាង អាកាសយានដ្ឋាន Gardermoen នៃទីក្រុង Oslo ក៏ត្រូវបានបង្ខំឱ្យបិទនៅពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទបន្ទាប់ពីការឃើញយន្តហោះគ្មានមនុស្សដូចគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
