វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបិទសេវាកម្មទៅអង្គភាពមួយក្នុងយោធាអ៊ីស្រាអែល បន្ទាប់ពីការត្រួតពិនិត្យរបស់ក្រុមហ៊ុនមួយបានកំណត់ថា ផលិតផលបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រលើ Cloud កំពុងត្រូវបានប្រើប្រាស់ដើម្បីជួយអនុវត្តការឃ្លាំមើលប្រជាជនប៉ាឡេស្ទីន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today។
លោក Brad Smith ជាអនុប្រធាន និងជាប្រធានក្រុមហ៊ុន Microsoft បានសរសេរលើblog ថា សកម្មភាពនេះកើតឡើង បន្ទាប់ពី The Associated Press និង The Guardian បានចេញផ្សាយរបាយការណ៍កាលពីដើមឆ្នាំនេះបង្ហាញពីរបៀបដែលក្រសួងការពារជាតិអ៊ីស្រាអែលបាននឹងកំពុងប្រើប្រាស់វេទិកា Azure របស់ Microsoft ដើម្បីជួយក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការកាន់កាប់តំបន់ West Bank ។ ក្រុមហ៊ុនកំពុងចាត់វិធានការដើម្បីពង្រឹងការអនុលោមតាមលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួន។
របាយការណ៍របស់ AP បានដកស្រង់ទិន្នន័យខាងក្នុងរបស់ Microsoft បង្ហាញថា ការស៊ើបអង្កេតរបស់ AP កាលខែកុម្ភៈ បានបង្ហាញថា ការប្រើប្រាស់របស់យោធាអ៊ីស្រាអែលលើផលិតផល Microsoft បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយពួកសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។ ប្រជាជនអ៊ីស្រាអែលកំពុងប្រើប្រាស់ទំហំផ្ទុកទិន្នន័យក្នុង Cloud និងចំនួនដ៏ច្រើននៃសេវាកម្មបកប្រែភាសាដែលប្រើ AI ។
សារព័ត៌មាន AP បាននិយាយថា យោធារបស់អ៊ីស្រាអែលបានប្រើប្រាស់ Microsoft Azure ដើម្បីចងក្រងព័ត៌មានដែលប្រមូលបានតាមរយៈការឃ្លាំមើលដ៏ធំ ដែលខ្លួនបានចម្លង និងបកប្រែ រួមទាំងការហៅទូរសព្ទ និងសារជាអក្សរ។ បន្ទាប់មកការស៊ើបការណ៍សម្ងាត់នោះត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធ AI ក្នុងផ្ទះរបស់អ៊ីស្រាអែល សម្រាប់កំណត់គោលដៅវាយប្រហារតាមអាកាស។
AP បានបន្ថែមថា ទិន្នន័យរបស់ Microsoft ខាងក្នុងបានបង្ហាញពីការជាវ Azure ជាច្រើនត្រូវបានភ្ជាប់ទៅអង្គភាព ៨២០០ ជាអង្គភាពសង្គ្រាមតាមអ៊ីនធើណេតវរជនក្នុងកងទ័ពអ៊ីស្រាអែលដែលទទួលខុសត្រូវចំពោះប្រតិបត្តិការសម្ងាត់ ប្រមូលព័ត៌មានសម្ងាត់ និងការឃ្លាំមើល៕
