បាត់ដំបង ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ទីន សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទំាងអនុគណៈកម្មាធិការ ស្ប៉េស្យាល់ អូឡាំពិក ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្ត ពោធិ៍សាត់បានអញ្ជើញ ចូលរួមកម្មវិធីបើកការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ។

លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡា ស្ប៉េស្យាល់អូឡាំពិក ជានិច្ចកាលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំ ពិកកម្ពុជា តែងតែយកចិត្តទុកដាក់ ពង្រីកចលនា កីឡាស្ប៉េស្យាល់អូឡាំពិក ដល់បណ្តាខេត្តនានា និង បានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាស ដល់ជនពិការខ្សោយ សតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាព ដល់ពួកគាត់ ។ វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ ។

លោកអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាព ការងារពិការភាព ក្នុងកម្មវិធីការងារ របស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការ គោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ។ ជនមានពិការភាពគ្រប់ប្រភេទ បានទទួលសេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ ជនមានពិការភាព ត្រូវបានបង្កើត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍសហគមន៍ ប្រកបដោយបរិយាបន្ន បានជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព។ ជនមានពិការភាពបានពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន តាមរយៈការចងក្រងក្រុមជួយខ្លួនឯង ការរើសអើងជន មានពិការភាពត្រូវបានកាត់បន្ថយ ពង្រឹងទស្សនៈមើលឃើញ សមត្ថភាពជនមានពិការ ភាពប្រសើរជាងមើលឃើញពិការភាព ដោយផ្តល់ឱកាសស្មើភាពគ្នា ចំពោះជនមានពិការភាពក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល ការធ្វើដំណើរចល័តទី ការអប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួមសកម្មភាព នយោបាយ និងការអភិវឌ្ឍសង្គម ហើយសិទ្ធិស្របច្បាប់ នៃជនមានពិការភាព ត្រូវបានការពារ និងលើកកម្ពស់ ជាពិសេស ផ្តោតការយកចិត្តទុកដាក់លើការ ផ្តល់ឱកាសការងារ និងជំរុញការ ជ្រើសរើសជនពិការ ចូលបម្រើការងារ តាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន តាមអត្រាកំណត់ដោយច្បាប់ស្តីពីកិច្ចការពារ និងលើក កម្ពស់សិទ្ធិជនពិការ។

លោក សែម សុខា បានបញ្ជាក់ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការ អភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ម៉្យាងវិញទៀត គណៈកម្មាធិការ បានបន្តជំរុញ និងចូលរួមសហការ ជាមួយអង្គការ ដៃគូពាក់ព័ន្ធនានាបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ បានហ្វឹកហាត់និង ចូលរួមប្រកួតកីឡា ដូចជន មានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ ។ ទាំងនេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព គ្រប់ប្រភេទ និងជាការរួមចំណែក ក្នុងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ កម្ពុជា ។ មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនា កីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនា កីឡាស្ប៉េស្យាល់អូឡាំពិកនៅកម្ពុជា ជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ លោកសូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រង ផ្ទាល់ជួយដល់ជនពិការ ខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្មា ធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិត បំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្ត ដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕


