ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកីឡាការ៉ាតេ ចំនួន ៩នាក់ចូលជួបសម្តែងការគួរសមជាមួយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” និងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅការិយាល័យលោកនៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” មុនចេញដំណើរចូលរួមការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 នៅប្រទេសម៉ាឡេស៊ី។

លោក ហេង ផេង គ្រូបង្វឹក(គ្រូធំ)បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាបញ្ជូនអាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី ចំនួន ៩នាក់ ចូលរួមការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។
មុននឹងចេញដំណើរចូលរួមការប្រកួតរូបលោកបានដឹកនាំក្រុមអាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី ចំនួន ៩ នាក់ចូលជួបសម្តែងការគួរសមជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

លោកគ្រូបង្វឹក(គ្រូធំ) បានបន្តថា ការប្រកួតខាងលើកនេះក្នុងគោលបំណងស្ទាប់ស្ទងសមត្ថភាព និងគុណផលផ្នែកកាតា ក្រោយពីទទួលហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស ដើម្បីពិនិត្យមើលចំណុចពិសេស និងចំណុចខ្សោយណាខ្លះរបស់កីឡាករ-កីឡាការិនី កីឡាការ៉ាត។ ការប្រកួតលើនេះសម្រាប់កីឡាការិនីជាតិ និងអន្តរជាតិមានចំនួន ១៧ ក្រុម និងកីឡាករជាតិ និងអន្តរជាតិមានចំនួន ១៩ ក្រុម ។ ការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2022 នៅឥណ្ឌូនេស៊ី ក្រុមកាតាកីឡាការិនីកម្ពុជាទទួលបានមេដាយសំរិទ្ធ។
លោក ហេង ផេង បានបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 មានប្រទេសចូលរួមជាង ៨០ ប្រទេស ក្នុងនោះកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន ១០៤១ នាក់លើ ១៤ វិញ្ញាសា៕
ដោយ៖ លី ភីលីព


