បច្ចេកវិទ្យា

សមាជិកសភា កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Google Korea បានបង់ពន្ធសាជីវកម្ម ១៧.២ ពាន់លានវ៉ុនក្នុងឆ្នាំ ២០២៤

កូរ៉េខាងត្បូង៖សមាជិកសភា កូរ៉េខាងត្បូងម្នាក់ បាននិយាយ កាលពីថ្ងៃពុធថា ក្រុមហ៊ុន Google Korea ដែលជាអង្គភាព ក្នុងស្រុករបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានបង់ពន្ធសាជីវកម្មចំនួន ១៧.២ ពាន់លានវ៉ុន (១២.២ លានដុល្លារ) កាលពីឆ្នាំមុន ដោយបន្ថែម ចំនួននេះ តំណាងឲ្យតែផ្នែកខ្លះ នៃអ្វីដែលក្រុមហ៊ុនកូរ៉េត្រូវបង់ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily ។

លោកស្រី Choi Soo-jin តំណាងរាស្រ្ដ នៃគណបក្សអំណាច ប្រជាជន បាននិយាយថា Google Korea បានបង់ពន្ធ សាជីវកម្មចំនួន ១៧.២ ពាន់លានវ៉ុន កាលពីឆ្នាំមុន បើទោះបីជាវាគួរតែបង់ចំនួន ៦៧៦.២ ពាន់លានវ៉ុនក៏ដោយ នេះបានដោយលើកឡើង ពីតួលេខដោយផ្អែកលើការ លក់ប៉ាន់ស្មានរបស់ក្រុមហ៊ុន។

លោកស្រីបានយោងទៅលើរបាយការណ៍មួយដោយសាស្រ្តាចារ្យ Jeon Seong-min នៃសាកលវិទ្យាល័យ Gachon ប៉ាន់ស្មានថា ប្រាក់ចំណូលរបស់ Google Korea ក្នុងឆ្នាំ ២០២៤ អាចឡើងដល់ ១១.៣ ពាន់ពាន់លានវ៉ុន។

លោកស្រី Choi បានអះអាងថា ដោយអនុវត្តអនុបាតពន្ធលើប្រាក់ចំណូលសាជីវកម្មរបស់ក្រុមហ៊ុន Naver ៥.៩ ភាគរយ បំណុលពន្ធរបស់ Google Korea គួរតែមាន ៦៧៦.២ ពាន់លានវ៉ុន។ គិតត្រឹមឆ្នាំមុន Google Korea មានចំនួន ៣១.២ ភាគរយនៃចរាចរណ៍ទិន្នន័យរបស់ប្រទេសនេះ ធៀបនឹង Naver ដែលមាន ៤.៩ ភាគរយ។

លោកស្រី Choi បានបន្ថែមថា ទោះបីជា យ៉ាងណាក៏ដោយ ក្រុមហ៊ុន Google Korea បានរាយការណ៍ថា ប្រាក់ចំណូល ត្រឹមតែ ៣៨៦.៩ ពាន់លានវ៉ុន ខណៈ Naver លក់បាន ១០.៧ ពាន់ពាន់លានវ៉ុន។ Naver បានបង់ពន្ធសាជីវកម្មចំនួន ៣៩០.២ ពាន់លានវ៉ុនក្នុងឆ្នាំ ២០២៤។

លោកស្រី Choi បានបញ្ជាក់ថា ការធ្វេសប្រហែស លើបញ្ហា នៃការកាត់បន្ថយប្រាក់ចំណូលក្នុងស្រុក និងការគេចវេសពីពន្ធ ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅលើពិភពលោកដូចជា Google នឹងក្លាយជាកត្តាចម្បង ដែលរារាំងការប្រកួត ប្រជែងដោយយុត្តិធម៌ជាមួយក្រុមហ៊ុន ក្នុងស្រុក ។ ក្នុងរយៈពេលវែង វានឹងជះឥទ្ធិពលអវិជ្ជមាន ដល់ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុង ស្រុកដោយជៀសមិនរួច៕

Most Popular

To Top