ព័ត៌មានអន្តរជាតិ

តុលាការវៀតណាម កាត់ទោសឲ្យ អតីតនាយកប្រតិបត្តិក្រុម ហ៊ុនផលិតមាស SJC ពីបទប្រព្រឹត្តអំពើពុករលួយជាប់គុក ២៥ ឆ្នាំ

វៀតណាម ៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ បានចេញផ្សាយឲ្យដឹងថា តុលាការប្រទេសវៀតណាមកាលពីថ្ងៃអង្គារ បានកាត់ទោស មនុស្ស ១៦ នាក់ នៅ ក្រុមហ៊ុនផលិតមាសគ្រប់គ្រង ដោយរដ្ឋតែមួយគត់របស់ខ្លួនឲ្យជាប់ពន្ធនាគារ រយៈពេលវែងក្នុង សំណុំរឿងពុករលួយ ពាក់ព័ន្ធនឹង ប្រាក់រាប់លានដុល្លារ និងរាប់រយដុំមាស យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express  ។

ក្រុមហ៊ុនគ្រឿងអលង្ការ Saigon គ្រប់គ្រងដោយរដ្ឋ (SJC) បានរក្សាភាពផ្តាច់មុខលើការ ផលិតមាសនៅវៀតណាម ចាប់តាំងពីឆ្នាំ ២០១២។ ប៉ុន្តែធនាគាររដ្ឋ នៃវៀតណាម បានប្រកាសកាលពីខែសីហាថា ខ្លួននឹងអនុញ្ញាតឲ្យធនាគារពាណិជ្ជ និងសហគ្រាសមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចប្រមូលដុំមាសចាប់ពីថ្ងៃទី ១០ ខែតុលា ដោយជំនួសមកវិញ នូវយន្តការផ្តាច់មុខរបស់រដ្ឋ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា តុលាការបានសម្រេចកាលពីថ្ងៃអង្គារថា អតីតនាយកប្រតិបត្តិរបស់ SJC គឺលោកស្រី Le Thuy Hang បានលុយចូលហោប៉ៅខ្លួនឯងចំនួន ២.៧ លានដុល្លារ និងបណ្តាលឲ្យមានការខាតបង់ចំនួន៤ លានដុល្លារដល់ស្ថាប័នរដ្ឋ និង SJC តាមរយៈគម្រោងក្លែងបន្លំជាបន្តបន្ទាប់ ។

របាយការណ៍បាននិយាយថា នៅចុងបញ្ចប់នៃការកាត់ក្តីរយៈពេល ៥ ថ្ងៃនៅទីក្រុងហូជីមិញ លោកស្រី Hang ត្រូវបានកាត់ទោសឲ្យជាប់គុក ២៥ ឆ្នាំពីបទកេងបន្លំទ្រព្យសម្បត្តិ និងការរំលោភបំពានអំណាច។ អ្នកសមគំនិត ១៥ នាក់របស់លោកស្រី បុគ្គលិក SJC ទាំងអស់ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារចាប់ពី ២ ឆ្នាំព្យួររហូតដល់ ២២ ឆ្នាំពីបទចោទប្រកាន់ដូចគ្នា។

ចន្លោះឆ្នាំ ២០១២ និង២០២៤ លោកស្រី Hang បានដឹកនាំមន្ត្រីក្រោមឱវាទ របស់ខ្លួនឲ្យបង្កើនអត្រា បាត់បង់នៅពេលកែច្នៃដុំមាសម៉ាក SJC ចំនួន ១០ តោន ដែលស្មើ នឹងមាសជិត ៣.៦ គីឡូក្រាម។ ពួកគេបានក្លែងបន្លំឯកសារ ដើម្បីធ្វើស្របច្បាប់ នូវមាសអតិរេក ហើយលក់វា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

តុលាការប្រាប់ឲ្យដឹងថា ក្នុងពេលកំពុងចាត់ចែងដុំមាស ដែលធនាគារកណ្តាល ចាត់ចែងឲ្យដំណើរការនោះ លោកស្រី Hang មានដុំមាស SJC ប្រមាណ ២៣៥ គីឡូក្រាម និងចិញ្ចៀនមាសរាប់ម៉ឺនវង់ ផលិតដោយខុសច្បាប់ និងលក់យកចំណេញ ។ លោកស្រី Hang ក៏បានបញ្ជាឲ្យបុគ្គលិករបស់នាងបង្កើត បញ្ជីអតិថិជនក្លែងក្លាយ ដើម្បីរត់ពន្ធមាសប្រហែល៣៤ គីឡូក្រាម។

ជនជាប់ចោទត្រូវបានតុលាការបង្គាប់ឲ្យសងមាស សរុបប្រហែល ៦៤០ គីឡូក្រាមមករដ្ឋវិញ ។ គ្រួសារ និងអាជីវកម្មនៅប្រទេស វៀតណាម បានពឹងផ្អែកជាយូរ មកហើយលើលោហៈដ៏មានតម្លៃជាឃ្លាំងនៃតម្លៃ និងការសន្សំផ្ទាល់ខ្លួន ៕

Most Popular

To Top