បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងសារជាថ្មី នូវមហិច្ឆតាយូរអង្វែង របស់គាត់ក្នុងការរស់នៅ និងស្លាប់នៅលើភពអង្គារ បន្ទាប់ពីធ្វើឱ្យភពនោះ ក្លាយជាផ្នែកមួយ នៃសហរដ្ឋអាមេរិក ។
លោកMusk បាននិយាយម្តងហើយម្តងទៀត អំពីការធ្វើអាណានិគម លើភពអង្គារដែលជាផ្នែកមួយ នៃបេសកកម្មធំជាងនេះ ដើម្បីធានាការរស់រានមានជីវិត របស់មនុស្សជាតិ ក្នុងករណី ព្រឹត្តិការណ៍ថ្ងៃវិនាស ចុងក្រោយ របស់ភពផែនដី ដោយក្នុងនោះ SpaceX កំពុងអភិវឌ្ឍគម្រោងយាន អវកាសយ៉ាងសកម្មដើម្បីជួយសម្រេចគោលដៅនេះ។
Musk បាននិយាយកាលពីថ្ងៃពុធ នៅលើបណ្តាញសង្គម Xថា ៖ខ្ញុំកាន់លិខិតឆ្លងដែនមួយឥឡូវនេះ និងជារៀងរហូតគឺអាមេរិច ។ ខ្ញុំនឹងរស់នៅនិងស្លាប់នៅទីនេះ។ ឬ ភពអង្គារដែលនឹងក្លាយទៅជាផ្នែកមួយ នៃប្រទេសអាមេរិក។
កាលពីដើមឆ្នាំនេះ សហគ្រិនដ៏ល្បីរូបនេះបាននិយាយថា បេសកកម្មនៃយាន Starship ដំបូងទៅកាន់ភពព្រះអង្គារ អាចចាប់ផ្តើមនៅចុងឆ្នាំ២០២៦ខាងមុខនេះ ។
ស្ថាបនិក SpaceX ក៏បានបង្ហាញផងដែរថា ជើងហោះហើរ Starship ដែលនឹងធ្វើដំណើរ ទៅដល់ភពអង្គារ នឹងមានដឹក Optimus ដែលជាមនុស្សយន្តរបស់ Tesla ។ លោកបានណែនាំថា បេសកកម្មអាចត្រួសត្រាយផ្លូវ សម្រាប់ការចុះចតរបស់មនុស្ស ដែលលោកជឿជាក់ថា អាចនឹងអាចធ្វើទៅបាន ក្នុងពេលឆាប់ដល់ឆ្នាំ ២០២៩៕
ប្រែសម្រួល៖ស៊ុនលី
