កីឡា

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០ នៅអង្គរវត្ត ក្រោមប្រធានបទ “រត់ដើម្បីភាពយូរអង្វែង”

ភ្នំពេញ៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក បានអញ្ជើញចូលរួមក្នុងពិធីសន្និសីទសារព័ត៌មានស្តីពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០ នៅអង្គរវត្ត ដោយមានការចូលរួមពីសំណាក់ លោកសែម ផល្លា នាយកចាត់ការទូទៅនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ព្រមទាំងបណ្តាដៃគូសហការនានា នៅគណៈកម្មាធិការជាតិអូឡាំពិក។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា យោងតាមប្រវត្តិនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងបែបទេសចរណ៍បានចាប់ផ្តើមក្នុងឆ្នាំ១៩៩៦ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងត្រឹមតែ៥០០ នាក់ រហូតដល់បច្ចុប្បន្នមានអ្នកចូលរួមប្រមាណ ១៤,៣៧០នាក់ ជាពិសេសព្រឹត្តិការណ៍នេះបានទាក់ទាញវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចូលរួមដោយផ្ទាល់ផងដែរ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០ ក្រោមប្រធានបទ “រត់ដើម្បីភាពយូរអង្វែង” បង្កប់នូវអត្ថន័យដ៏ធំធេងសម្រាប់ការរត់ក្នុងឆ្នាំនេះ ព្រោះថាឃ្លានេះផ្សារ រយ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ស្រស់ ភ្ជាប់យ៉ាងល្អឥតខ្ចោះ ជាមួយភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរដែលមានអាយុកាលជាង៩០០ឆ្នាំ មានតែមួយគត់នៅលើពិភពលោកសម្រាប់អ្នករត់ប្រណាំង។

លោកអគ្គលេខាធិការថា ពាក្យស្លោកនេះចង់បង្ហាញពីការដឹងគុណដល់ភាពយូរអង្វែងនៃសន្តិភាព ដូចពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ព្រោះការមានសន្តិភាព ទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយក្នុងថ្ងៃព្រឹត្តិការណ៍នេះបាន។ ជាមួយគ្នានេះ ពាក្យស្លោកនេះ ក៏ជាការចូលរួមអបអរខួប៣០ឆ្នាំ នៃភាពយូរអង្វែងរបស់ព្រឹត្តិការណ៍ ដែលបានជួយឱ្យអ្នកចូលរួមរត់គ្រប់វ័យ គ្រប់ជាតិសាសន៍ មានសុខភាពល្អ និងមានទម្លាប់រស់នៅ បែបសកម្ម តាមរយៈការចូលរួមរត់ជារៀងរាល់ឆ្នាំ៕

ដោយ៖ លី ភីលីព

Most Popular

To Top