កីឡា

ក្រសួងការពារជាតិដណ្តើមបានជើងឯក បន្ទាប់ពីដណ្តើមបានមេដាយមាស ៩ គ្រឿងក្នុងការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងការពារជាតិដណ្តើមបានជើងឯក បន្ទាប់ពីដណ្តើមបានមេដាយមាស ៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដណ្តើមបានជើងឯករងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយស នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានៅ សាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក លី ចាន់សុភក្តី អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រាប់ឲ្យដឹងថា ការប្រកួត កីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ មានការចូលរួមពីបណ្តាក្លឹបនៃក្រសួង ស្ថាប័ន រាជធានី/ខេត្ត ចំនួន១១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១២៧ នាក់ ការប្រកួតចែកជា៣កំរិត មាន២៦ វិញ្ញាសា រួមមានវិញ្ញាសាមេគុនមានចំនួន ១៩ និងវិញ្ញាសាប្រយុទ្ធ មានចំនួន ១១ ប្រភេទ ទម្ងន់។ ធៀបនឹងការប្រកួតជើងឯកជើងឯកថ្នាក់ជាតិនិងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ចំនួនកីឡាករ និងក្លឹបមានការកើនឡើង ដោយមានការកើនចំនួន៥ក្លឹប និង កីឡាករ កីឡាការិនីកើនឡើងចំនួន ៤២នាក់។

លោកអគ្គលេខាធិការ បានបន្តថា ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំនិងគ្រប់គ្រងការប្រកួត នាពេលថ្មីៗរួចមកមន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ក្នងការរៀបចំនិងគ្រប់គ្រងការប្រកួតស្របតាមលក្ខណៈបច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ ។ ចៅក្រម អាជ្ញាកណ្តាល កាន់តែមានវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវតម្លាភាព និងសុក្រិត្យភាព។ឆ្លងតាមការប្រកួតមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីបានខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវនិងមានក្រមសីលធម៌ខ្ពស់ និហមានសម្ភារៈ និងឧបករណ៍បច្ចេកទេស គ្រប់គ្រាន់ បម្រើដល់ការប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ។

កីឡាវ៉ូវីណាមជាប្រភេទកីឡា ដែលមានសក្តានុពលដណ្តើមមេដៃនៅលើឆាកអន្តរជាតិ ប៉ុន្តែកីឡានេះ ហាក់មិនទាន់បានជ្រួតជ្រាបស៊ីជម្រៅដល់ស្រទាប់យុវជន និងសាធារណជននៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមលើយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ។ការពង្រីកក្លឹបនៅតាមបណ្តារាជធានីខេត្ត នៅមានកម្រិតនៅឡើយ។

ក្រោយពីបញ្ចប់ការប្រកួតទាំង៣ថ្ងៃនេះ សហព័ន្ធសម្លឹងឃើញ កីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង្គអាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និង អន្តរជាតិ ។ ចៅក្រម អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតនានា ជាពិសេស ការប្រកួតជើងឯកពិភពលោកលើកទី៨ នាខែវិច្ឆិកា ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខាងមុខ។

ក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមបានជើងឯករង ដណ្តើមបានមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តសៀមរាបដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង និងក្លិបកីឡាវ៉ូវីណាម សែនសុខ ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕

ដោយ៖ លី ភីលីព

Most Popular

To Top