ភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រកាសបើកព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី ៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានដាក់ ១១វិញ្ញាសារួមមាន ឯកត្តជនបុរស ឯកត្តជននារីវាយគូបុរស អក្សរ ក វាយគូបុរស អក្សរ ខ វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារី ក្រុមបុរស ក្រុមនារី ក្រុមចម្រុះបុរស-នារី។

ការប្រកួតខាងលើនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៩១ នាក់ក្នុងនេះកីឡាការិនី ៣១នាក់មកពី ៥ ខេត្ត រួមមានក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ ក្រុមកីឡាសូហ្វតិន្នីក្រសួងការពារជាតិ ក្រុមកីឡាសូហ្វតិន្នី ខេត្តកណ្តាល ក្រុមកីឡាសូហ្វតិន្នី ខេត្តកំពង់ស្ពឺ និងក្រុមកីឡាសូហ្វតិន្នី ខេត្តកំពង់ឆ្នាំង ។

ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៩ ប្រចាំឆ្នាំ២០២៥ នេះធ្វើឡើងដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព បច្ចេកទេសខ្ពស់ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ត្រៀម ទៅចូលរួមប្រកួតជា លក្ខណៈអន្តរជាតិនានា ជាពិសេសបណ្តុះបណ្តាលធនធាន ថ្នាលបន្តវេនឲ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍កីឡាសូហ្វតិន្នីស នាពេលអនាគត៕

