កីឡា

លោក ហឿង សុផុន ៖ វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ដល់គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធ ឲ្យបានយល់ ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានានា

ខេត្តប៉ៃលិន ៖ លោក ហឿង សុផុន រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោក ងួន លីណា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិកាស្ប៉េស្យាល់ អូឡាំពិកខេត្តប៉ៃលិន នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា ស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ដែលរៀបចំដោយ ប្រធានគណៈកម្មាធិការ ជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា សហការជាមួយអនុគណៈកម្មាធិកា ស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ។

លោក ហឿង សុផុន បានមានប្រសាសន៍ថា ក្នុងនាមលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិកាជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ព្រមទាំងក្រុមការងារទាំងអស់ បានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីនេះឡើង ។ សកម្មភាពទាំងនេះ សរបញ្ជាក់ពីការចូលរួមចំណែក ក្នុងការអភិវឌ្ឍចលនាកីឡាស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការតាមរយៈការលេងកីឡា និងការយល់ដឹងអំពីបញ្ហាសុខភាពផ្សេងៗ ។

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនោះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានយកចិត្តទុដាក់ជួយជនពិការ ខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងមានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ ទាក់ពីសំណាក់អាណាព្យាបាល និងជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសង្គម។
លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្រៅពីនេះ យើងបានសហការជាមួយអង្គការ សមាគមនានាបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនពិការ មិនតែប៉ុណ្ណោះ យើងមានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទៀតផង ។ ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានយកចិត្តទុដាក់ ក្នុងការពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិក ទៅតាមរាជធានី ខេត្ត រួមមាន អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៥ នេះយើងបានបង្កើត អនុគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកខេត្តចំនួន៣ទៀតគឺ ខេត្តប៉ៃលិន ខេត្តកោះកុង និងខេត្តកែប សរុបរាជធានី ខេត្ត ចំនួន១៩ និងបន្តបញ្ចប់ដល់គ្រប់បណ្តាខេត្តទូទាំងប្រទេស ក្នុងឆ្នាំ២០២៦-២០២៧ ខាងមុខនេះ ។

វគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធឲ្យបានយល់ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានានាដូចនាពេលនេះស្រាប់។ជាពិសេស ការរៀបចំកម្មវិធីនេះ ឡើងក្នុងគោលបំណងសំខាន់ៗដូចជា ផ្តល់ចំណេះដឹងអំពីលក្ខណៈសម្បត្តិជនមានពិការភាពបញ្ញាខ្សោយ និងវិញ្ញាសាកីឡា ដែលពួកគាត់អាចលេងបាន និងវិញ្ញាសាដែលត្រូវហាមឃាត់ ភាពខុសគ្នារវាង កីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក ដែលសិក្ខាកាម អាចយកទៅអនុវត្តក្នុងការហ្វឹកហាត់នៅតាមអង្គភាព មូលដ្ឋានរបស់ពួកគាត់។ មិនតែប៉ុណ្ណោះយើងមាន កម្មវិធីផ្សេងៗ ជាច្រើនទៀតដូចជា វេទិកាអាណាព្យាបាលសុខភាពសហគមន៍ ត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី និងការហ្វឹកហាត់ផ្សេងៗ រួមបញ្ចូលគ្នា ដើម្បីបំពេញតម្រូវការក្នុងសហគមន៍ របស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង ។

លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន បានរៀបចំបើក វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាស្ប៉េស្យាល់អូឡាំពិកដល់សិក្ខាកាមចំនួន២៧រូប ស្រី៣រូប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកចលនា កីឡាស្ប៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា មកហ្វឹកហាត់ដែលជាការផ្តល់ ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពកីឡាទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ សមាសភាពចូលរួមវគ្គមាន៖ មន្រ្តីសាលាខេត្តប៉ៃលិន២រូប មន្ត្រី មន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត៤រូប មន្ត្រី មន្ទីរសុខាភិបាលខេត្ត៤រូប មន្ត្រី គ្រូអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១៥រូប និងមន្ត្រីមជ្ឈមណ្ឌលកុមារកំព្រា ខេត្តបាត់ដំបង២រូប៕

Most Popular

To Top