បារាំង៖ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រាប់ Politico និង Reuters ថាការស៊ើបអង្កេតនេះត្រូវបានប្រគល់ឱ្យទីភ្នាក់ងារឧក្រិដ្ឋកម្មតាមអ៊ីនធើណេតរបស់ប្រទេសបារាំងថា រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ជុំវិញការចោទប្រកាន់ថា ជំនួយការសំឡេងរបស់ខ្លួន Siri បានប្រមូល និងវិភាគការថតសំឡេងរបស់អ្នកប្រើប្រាស់ដោយគ្មានការយល់ព្រមត្រឹមត្រូវ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការប្តឹងផ្តល់កាលពីខែកុម្ភៈដោយអង្គការក្រៅរដ្ឋាភិបាលរបស់បារាំង ដោយផ្អែកលើសក្ខីកម្មពីអ្នកផ្តល់ព័ត៌មាន Thomas Le Bonniec អតីតបុគ្គលិកនៃអ្នកម៉ៅការបន្តរបស់ Apple និយាយថា លោកបានស្តាប់ការថតសំលេង Siri រាប់ពាន់ដែលជាផ្នែកមួយនៃការងារត្រួតពិនិត្យគុណភាពក្នុងឆ្នាំ ២០១៩ ។
លោក Le Bonniec ត្រូវបានគេរាយការណ៍ថា បានធ្វើការឲ្យ Globe Technical Services នៅប្រទេសអៀរឡង់ ជាកន្លែងដែលលោកបានពិនិត្យ និងរៀបរាប់ឈុតអូឌីយ៉ូ ដើម្បីជួយកែលម្អភាពត្រឹមត្រូវរបស់ Siri ។ លោកបានប្រាប់ Politico ថាសម្ភារៈនេះជួនកាលបង្ហាញពេលវេលាជិតស្និទ្ធ និងព័ត៌មានសម្ងាត់ អាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់។
អ្នកផ្តល់ព័ត៌មានបានស្វាគមន៍ការស៊ើបអង្កេតនេះ ដោយនិយាយថា វាគួរតែអនុញ្ញាតឲ្យ “សំណួរបន្ទាន់ត្រូវបានឆ្លើយ” រួមទាំងចំនួនការថតសំឡេងដែលត្រូវបានធ្វើឡើងចាប់តាំងពីការចាប់ផ្តើមរបស់ Siri និងកន្លែងដែលទិន្នន័យត្រូវបានរក្សាទុក។
អ្នកតំណាងក្រុមហ៊ុន Apple នៅប្រទេសបារាំងបានប្រាប់ Politico ថា ក្រុមហ៊ុនមិនដែលប្រើទិន្នន័យ Siri ដើម្បីបង្កើតទម្រង់ទីផ្សារទេ មិនដែលធ្វើឲ្យវាអាចរកបានសម្រាប់ការផ្សាយពាណិជ្ជកម្ម និងមិនដែលលក់វាទៅឲ្យនរណាម្នាក់ដោយហេតុផលណាមួយឡើយ៕
