សៀមរាប ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា” ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា នៅសណ្ឋាគារ អេមព្រីសអង្គរ រីសត&ស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និង មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា វគ្គបំប៉ននេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡាដែលបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាយ៉ាងតិច៣ឆ្នាំ និងកំពុងបង្រៀនមុខវិជ្ជាអប់រំកាយនៅវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងខេត្តសៀមរាប លើការបង្រៀនមុខវិជ្ជាអប់រំកាយ ស្របតាមកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ នៅកម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យកាន់តែល្អប្រសើរជាងមុន ក្នុងគោលដៅធ្វើឲ្យសិស្សានុសិស្ស មានការលូតលាស់ល្អ ទាំងផ្នែករាងកាយ និងបញ្ញា ដែលជាហេតុនាំ ឲ្យកាយសម្បទាមាំមួន និង មានសុខភាពល្អ ពោល គឺធ្វើឲ្យពួកគេមានគុណតម្លៃ៤យ៉ាងគឺ៖ ឥរិយាបថ ចំណេះដឹង ជំនាញ និងសហការ ដែលជាធាតុដ៏ សំខាន់ក្នុងការជួយឲ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយជាធនធានមនុស្សល្អ ដើម្បីអភិវឌ្ឍប្រទេសជាតិ ។ វគ្គបំប៉ននេះប្រព្រឹត្តទៅ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៩នាក់ ក្នុងនោះសិក្ខាកាមមកពីខេត្តសៀមរាប ចំនួន២៥នាក់ ស្រី ០១នាក់ មកពី វិទ្យាស្ថានអប់រំពិសេស ចំនួន២នាក់ និងមកពីវិទ្យាស្ថានគរុកោសល្យ បាត់ដំបងចំនួន២នាក់ ។

ក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកីឡា ជាពិសេសវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា អង្គការពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានសហការគ្នា រៀបចំសិក្ខាសាលាដ៏មានសារសំខាន់នាឱកាសនេះ ដោយវគ្គបំប៉ននេះបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការបន្តពង្រឹងគុណវុឌ្ឍិគ្រូ ជាពិសេសគ្រូអប់រំកាយ និងកីឡា ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះនៃកាយសម្បទា និងសុខភាព សម្រាប់សិស្សានុសិស្សរបស់យើង ដោយការអប់រំកាយ និងកីឡាមិនមែនគ្រាន់ តែជាមុខវិជ្ជាបន្ថែមប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏ចាំបាច់នៃកម្មវិធីសិក្សា ដើម្បីធានាបាននូវការលូត លាស់ពេញលេញទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញា ឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា សមិទ្ធផលវិស័យកីឡាក្នុងរយៈប្រមាណ១០ឆ្នាំចុងក្រោយនេះដូចជា ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយក្រសួងបានធ្វើការកែលម្អ និងបំពាក់ឧបករណ៍នានាឲ្យមានលក្ខណៈស្តង់ដាឡើងវិញនូវទីលាន និងកន្លែងហ្វឹកហាត់កីឡាជាតិសំខាន់ៗ ជាពិសេសគឺការរៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដាអន្តរជាតិ ដើម្បីជំរុញការគាំទ្រ ពីមហាជនចំពោះវិស័យកីឡា, ការដាក់ចេញនូវទិសដៅអប់រំកាយ ដោយយើងបានជំរុញចលនា “យុវជនម្នាក់ត្រូវចេះកីឡាមួយយ៉ាងតិច” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឲ្យប្រសើរឡើងនូវមុខវិជ្ជាអប់រំកាយ និងកីឡា នៅក្នុងកម្មវិធីសិក្សាតាមសាលារៀន ដើម្បីធានាបានថា សិស្សានុសិស្សគ្រប់រូបមានទម្លាប់រស់នៅសកម្ម និងមានសុខភាពល្អ ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា តំណាងអង្គការបេះដូងមាស និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានគាំទ្រ និងសហ ការរៀបចំសិក្ខាសាលានេះឡើង ដោយសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ឱកាស ៥ ថ្ងៃនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីស្រូបយកចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងនាំយកវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាពទៅអនុវត្តន៍នៅតាមសាលារបស់ខ្លួន៕



