ខេត្តសៀមរាប ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ជូនសម្ភារកីឡា ដល់សាលារៀនគំរូ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ សំណាញ់បាល់ទាត់ សំណាញ់បាល់ទះ សំណាញ់បាល់បោះ កញ្ច្រែងបាល់បោះ កោណធំ កោណតូច ក្រូណូម៉ែត្រ ខ្សែលោតអន្ទាក់ ស្នរ ប៉េតង់ ដុំដែក ធុងបាស់ រ៉ាកែតវាយកូនឃ្លីលើតុ និងតុវាយកូនឃ្លីលើតុ ។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោក ជួន សុវណ្ណឌី ប្រធានការិយាល័យកីឡា ខេត្តសៀមរាប លោក ម៉ាង វិបុល អនុប្រធាននាយកដ្ឋាន អប់រំកាយនិងកីឡាសិស្សនិស្សិត និងលោកនាយក នាយករង ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលជាតំណាងសាលារៀនគំរូ ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ នូវកំណែ ទម្រង់សាលារៀន ជាអាទិភាព ដែលក្នុងនោះក្រសួងនឹងពង្រឹង ការគ្រប់គ្រង តាមសាលារៀន ឆ្ពោះទៅលើក កម្ពស់លទ្ធផលការសិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំនិងសិស្សានុសិស្ស មុខវិជ្ជាអប់រំកាយនិងកីឡាជា ផ្នែកមួយក្នុងការជួយជំរុញការសិក្សារបស់សិស្សានុសិស្ស នៅក្នុងស្តង់ដាទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាល សាលារៀន សូចនាករទី៥ ៖ ការលើកកម្ពស់សុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្ស សូចនាកររងទី៥.៨ការ អនុវត្តអប់រំកាយ និងកីឡា៖ សាលារៀនត្រូវមានទីធ្លា សម្រាប់ធ្វើសកម្មភាពអប់រំកាយ និងកីឡា សាលារៀនត្រូវមានតារាងវាយតម្លៃ លទ្ធផលការសិក្សារបស់សិស្សពីមុខវិជ្ជាអប់រំកាយ និងកីឡា ។

ក្នុងអំឡុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានកីឡាបានបង្វែរថវិកាពីអង្គភាពទាំង៦ ក្រោមឱវាទ សម្រាប់ រៀបចំកិច្ចលទ្ធកម្មសម្ភារ ផ្តល់ជូនសាលារៀនគំរូ ដែលក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើស។ ការផ្តល់ សម្ភារកីឡានេះ គឺ ត្រូវបានជ្រើសរើសសាលារៀន គំរូដែលបានចូលរួមក្នុងសិក្ខាសាលា ស្ដីពី “ការផ្សព្វផ្សាយ ការណែនាំការប្រើប្រាស់ សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា សម្រាប់គ្រូមានចំនួន១៨០សាលា ក្នុងចំណោមខេត្តចំនួន១៣ រួមមាន៖ ខេត្តតាកែវ កែប កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តសៀមរាប។ ឆ្នាំ២០២៥ នេះនឹងផ្តល់ សម្ភារចំនួន៦មុខ ដល់សាលារៀនស្ដង់ដារគំរូចំនួន២៦ ក្នុងចំណោមសាលារៀនគំរូចំនួន៥០ ដែលមានក្លិប កីឡា (សាលារៀនស្ដង់ដារគំរូដែលនៅតាមដងផ្លូវជាតិលេខ៦អា)។

សម្ភារអប់រំកាយ និងកីឡានេះ ត្រូវបានគ្រោងនឹងផ្ដល់ជូនសាលារៀនគំរូណាដែលមានប្រធាន/អនុ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកខណ្ឌ នាយក នាយិកា គ្រូអប់រំកាយ និង កីឡា និងគ្រូបឋមសិក្សា ចូលរួមក្នុងសិក្ខា សាលាស្តីពី ការផ្សព្វផ្សាយ ការណែនាំប្រើប្រាស់សៀវភៅសិក្សា។ គោលមុខវិជ្ជាអប់រំកាយ និងកីឡាដែលបានរៀបចំ នៅខេត្តបាត់ដំបង ខេត្តកំពង់ចាមក្នុងឆ្នាំ២០២៤ និងឆ្នាំ ២០២៥ នៅស្ទឹងត្រែង និងខេត្តព្រៃវែង ។

ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសយក ៩ រាជធានី ខេត្ត ស្មើ និង៩០ សាលារៀនគំរូ ក្នុងនោះ រួមមាន ខេត្តតាកែវ កែប កំពត កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយ មានជ័យ ដែលត្រូវប្រគល់សម្ភារ កីឡាសម្រាប់អនុវត្ត សកម្មភាពរៀននិងបង្រៀនមុខវិជ្ជាអប់រំកាយ ក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា។ មន្ទីរអប់រំ យុវជន និងកីឡាគោលដៅ ទទួលសម្ភារជំហានទី២សម្រាប់ឆ្នាំ២០២៥៖ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើស យកខេត្តចំនួន៣ (ខេត្តកំពង់ចាម កំពង់ធំ និងខេត្ត សៀមរាប) ស្មើនិង២៦ សាលារៀនស្ដងដាគំរូ ។ សាលាដែលត្រូវប្រគល់សម្ភារ កីឡាសម្រាប់អនុ វត្តសកម្មភាពរៀននិងបង្រៀនមុខវិជ្ជាអប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ។

តាមរយៈនៃការផ្តល់សម្ភារកីឡា ដល់សាលារៀន គំរូនេះ សង្ឃឹមថាសាលារៀននឹងបន្តយកចិត្ត ទុកដាក់អនុវត្តសកម្មភាព អប់រំកាយក្នុងម៉ោង សិក្សាឱ្យបាន២ម៉ោងក្នុង១សប្តាហ៍មួយកម្រិតថ្នាក់ ស្របតាម ក្របខណ្ឌកម្មវិធីសិក្សា និងកីឡាក្រៅសិក្សានិងបន្តនិរន្តភាព ក្លិបកីឡានៅតាមគ្រឹះស្ថានសាធារណៈ ឆ្ពោះទៅជំរុញឱ្យយុវជនម្នាក់លេង កីឡាប្រភេទប្រចាំជីវិត៕

