អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសចក្រភពអង់គ្លេស បានបំបែកសម្រុកក្រុម ឧក្រិដ្ឋជនរត់ពន្ធទូរសព្ទដែលលួចបានរហូតដល់ទៅ ៤០,០០០ គ្រឿងទៅកាន់ប្រទេសចិន ដោយបានរកឃើញបណ្តាញ ដែលទទួលខុសត្រូវ ចំពោះផ្នែកដ៏សំខាន់ នៃការលួចទូរសព្ទនៅទីក្រុងឡុងដ៍។
ប៉ូលីសបាននិយាយថា ប្រតិបត្តិការដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយការលួចទូរសព្ទ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន បន្ទាប់ពីប្រអប់ដែលមាន iPhone ប្រហែល ១,០០០ គ្រឿង ដែលភាគច្រើនត្រូវបានគេលួច ត្រូវបានរកឃើញនៅឃ្លាំង មួយនៅជិតអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ឆ្ពោះទៅទីក្រុងហុងកុង ។
ប៉ូលីស Metropolitan បាននិយាយថា ប្រតិបត្តិការនេះបានរកឃើញ ក្រុមជនអន្ធពាលអន្តរជាតិ ត្រូវគេជឿថា ជាអ្នកទទួលខុសត្រូវក្នុងការនាំចេញទូរសព្ទ រហូតដល់ ៤០ ភាគរយនៃទូរស័ព្ទទាំងអស់ ដែលត្រូវបានលួចនៅ ក្នុងទីក្រុងឡុងដ៍។ ទូរសព្ទដៃប្រហែល ៨០,000 គ្រឿង ត្រូវបានលួចនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុន ដោយភាគច្រើន នៃពួកគេត្រូវបានគេលួច នៅកន្លែងទេសចរណ៍ កណ្តាលទីក្រុងឡុងដ៍។
មនុស្សសរុបចំនួន ៤៦ នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការនេះ រួមទាំងបុរសពីរនាក់ ដែលត្រូវបានឃុំខ្លួន នៅទីក្រុងឡុងដ៍ កាលពីខែមុន ពីបទសង្ស័យថាបានលួចទំនិញ បន្ទាប់ពីទូរសព្ទប្រហែល ២,000 គ្រឿងត្រូវបាន រកឃើញក្នុងឡានរបស់ពួកគេ និងអាសយដ្ឋាន ដែលភ្ជាប់ជាមួយពួកគេ។
លោក Mark Gavin អធិការរង បានបន្តថា ក្រុមនេះផ្តោតជាពិសេស ទៅលើផលិតផល Apple ដោយសារតែប្រាក់ ចំណេញរបស់ពួកគេនៅបរទេស ។ យើងបានរកឃើញថាចោរលួចតាមចិញ្ចើមផ្លូវកំពុងត្រូវបានបង់ប្រាក់រហូតដល់ ៣០០ ផោន (៤០៣ ដុល្លារអាមេរិក) ក្នុងមួយទូរស័ព្ទ ហើយបានរកឃើញ ភស្តុតាងនៃឧបករណ៍ ត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៥,000 ដុល្លារនៅប្រទេសចិន៕
