ទីក្រុងស៊ីដនី ៖ ប៉ូលិសបាននិយាយថា អតីតកីឡាករក្បាច់គុនចម្រុះ “UFC” លោក Suman Mokhtarian ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងការបាញ់ប្រហារ ពេលថ្ងៃត្រង់ ខណៈរូបលោកកំពុងដើរក្នុងទីក្រុងស៊ីដនី ប៉ុន្មានខែ បន្ទាប់ពីរួចជីវិតពីការប៉ុនប៉ង ក្នុងជីវិតរបស់លោក យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
យោងតាមប៉ូលីស New South Wales បានឲ្យដឹងថា បុរសអាយុ ៣៣ ឆ្នាំរូបនេះ ត្រូវបានបាញ់សម្លាប់ ក្នុងការវាយប្រហារចំ គោលដៅនៅ Riverstone ជាយក្រុងនៅភាគពាយព្យ នៃទីក្រុងស៊ីដនីកាលពីល្ងាចថ្ងៃពុធ។ យសន្ទុះក្រោយការបាញ់ប្រហារ រថយន្ត ២ វបានគេប្រទះឃើញ ឆេះនៅទីតាំងផ្សេងៗគ្នា ជាសញ្ញាសម្គាល់ នៃឧក្រិដ្ឋកម្ម ដែលបានរៀបចំនាពេលថ្មីៗនេះ បានធ្វើឲ្យកក្រើកពេញទីក្រុង ។
អធិការប៉ូលីស NSW លោក Jason Joyce បាននិយាយក្នុងសន្និសីទ សារព័ត៌មានមួយថា វាជារឿងអាម៉ាស់ណាស់ ហើយវាជាការអាម៉ាស់ដែលរឿងនេះកំពុងកើតឡើង ក្នុងសហគមន៍របស់យើង ។ លោកបន្តបន្ថែមថា អ្នកចង់គិតថាក្នុងតំបន់លំនៅដ្ឋាន ដែលមនុស្សអាចដើរ តាមផ្លូវនៅពេលយប់ហើយមានសុវត្ថិភាព ប៉ុន្តែយើងជឿថាវាជាការវាយប្រហារ តាមគោលដៅ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករ Mokhtarian បានរួចផុតពីការប៉ុនប៉ង ក្នុងជីវិតរបស់លោក កាលពីខែកុម្ភៈឆ្នាំមុន នៅពេលខ្មាន់កាំភ្លើងបានបាញ់ មកលើលោកនៅខាងក្រៅ កន្លែងហាត់ប្រាណមួយ នៅភាគខាងលិចទីក្រុងស៊ីដនី។
នេះបើយោងតាម ESPN ចេញផ្សាយថា កីឡាករក្បាច់គុនចម្រុះ “UFC” ឆ្នើមរូបនេះបានប្រកួត ២ ដងកាលឆ្នាំ ២០១៨ និង២០១៩ មុនពេលផ្លាស់ទៅធ្វើ ជាគ្រូបង្វឹក ។ លោកបានជួយអភិវឌ្ឍទស្សនវិស័យ សិល្បៈក្បាច់គុនចម្រុះកំពូលមួយចំនួន របស់ប្រទេសអូស្ត្រាលីនៅឯកន្លែង ហាត់ប្រាណមួយនៅភាគខាងលិចទីក្រុងស៊ីដនី៕
