កីឡា

ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥

ភ្នំពេញ៖ក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង ខណៈក្រុមកីឡាសូហ្វតិន្នីក្រសួងការពារជាតិគ្រងតំណែងជើងឯក ដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ លើកទី ៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបិទប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើបនៃនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៅទីលានកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាត រាជធានីភ្នំពេញ។

លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៩ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានសមាគម-ក្លឹបចូលរួមចំនួន ៥ ក្នុងនោះរួមមាន សមាគមកីឡាក្រសួងមហាផ្ទៃ សមាគមកីឡាក្រសួងការពារជាតិ សមាគមកីឡាខេត្តកណ្តាលសមាគមកីឡាខេត្តកំពង់ឆ្នាំង សមាគមកីឡាខេត្តកំពង់ស្ពឺ ក្នុងនោះចំនួនអ្នកចូលរួម សរុប៩១រូប រួមមានប្រតិភូ ៥រូប គ្រូបង្វឹក ៨រូប និងកីឡាករ ៤៩រូប កីឡាការិនី ២៩រូប។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីម្នាក់ៗបានជួបជុំគ្នា ដើម្បីបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកប្រកួតប្រជែងគ្នា ។ ជាពិសេសនៅឆ្នាំនេះ ដោយទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំសហព័ន្ធ គណៈកម្មការរៀបចំការប្រកួតបានរៀបចំបញ្ជូលនូវវិញ្ញាសាប្រកួតកម្រិតយុវជន យុវនារី ដើម្បីលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងបន្ទាប់ពីបានហ្វឹកហាត់ប្រចាំថ្ងៃ និងជម្រុញឲ្យមានការបណ្តុះបណ្តាលយុវជនថ្នាលឲ្យបានច្រើន ត្រៀមការប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាល និងត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា ។

លោករដ្ឋលេខាធិការបានបន្តថា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ រក្សាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ល្អ ក្នុងនាមជាកីឡាករ សាកសមជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយយកតម្រាប់តាម និងសូមកោតសរសើរ និងអរគុណដល់ផ្នែកពាក់ព័ន្ធនានាដែលបានខិតខំរៀបចំ និងរក្សាបាននូវសណ្តាប់ធ្នាប់បានល្អ ក្នុងការប្រកួតតាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ការបិទបញ្ចប់ ជាពិសេសអ្នកឧបត្ថម្ភ ក្រុមហ៊ុនទឹកស្រ្ពីង Provida បានជួយឧបត្ថម្ភជាទឹកបរិសុទ្ធសម្រាប់ផ្គត់ផ្គង់ដល់កីឡាករ និងកីឡាការិនី ក៏ដូចជាក្រុមការងារទាំងអស់ពិសាក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតនេះ។

លោកប្រធានមានប្រសាសន៍បន្ថែមថា ជាការពិតហើយ កីឡា គឺពិតជាបានផ្សារភ្ជាប់ជាមួយនឹងមិត្តភាព សាមគ្គីភាព និងការទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ ថ្វីត្បិតថា ការប្រកួតក្រុមនីមួយៗខិតខំដណ្តើមយកជ័យជម្នះរៀងៗខ្លួនក៏ពិតមែន ប៉ុន្តែអ្វីដែលជាការបន្សល់ទុកក្រោយពីការប្រកួតនោះ គឺមិត្តភាព សាមគ្គីភាព និងការទំនាក់ទំនងនេះឯង បើទោះបីជាយើងទទួលបានលទ្ធផល ចាញ់ ឬឈ្នះក៏ដោយ។

ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាសូហ្វតិន្នីសរៀងរាល់ឆ្នាំ គណៈកម្មការរៀបចំការប្រកួតតែងតែបានបញ្ចូលនូវវិញ្ញាសាប្រកួត កម្រិតយុវជន យុវនារី អាយុក្រោម ១៥ឆ្នាំ បន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងបន្ទាប់ពីពួកគាត់បានហ្វឹកហាត់ប្រចាំថ្ងៃ ក្នុងគោលបំណងជំរុញឲ្យមានការបណ្តុះបណ្តាលដល់យុវជន យុវនារីថ្នាលឲ្យបានច្រើន ដើម្បីត្រៀមប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាលឲ្យពួកគាត់ក្លាយទៅជាកីឡាករ កីឡាការិនីបន្តវេន សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសំខាន់ៗនាពេលខាងមុខ ជាពិសេស ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី នាឆ្នាំ២០២៩ ខាងមុខ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លទ្ធផលចំណាត់ថ្នាក់ជ័យលាភីរួមមានសមាគមកីឡា ក្រសួងមហាផ្ទៃទទួលបានមេដាយមាស ៥ ប្រាក់ ២ សំរឹទ្ធិ ១ សមាគមកីឡា ក្រសួងការពារជាតិឈ្នះ មាស ២ ប្រាក់ ៥ សំរឹទ្ធិ ៣ សមាគមកីឡា ខេត្តកំពង់ឆ្នាំងឈ្នះមាស ២ ប្រាក់ ១ សំរឹទ្ធិ ៥ សមាគមកីឡា ខេត្តកណ្តាល ឈ្នះប្រាក់ ១ សំរឹទ្ធិ ៧ និងសមាគមកីឡា ខេត្តកំពង់ស្ពឺ ឈ្នះសំរឹទ្ធិ ៦៕

ដោយ៖លី ភីលីព

Most Popular

To Top