ភ្នំពេញ៖លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់តាមប្រព័ន្ធអនឡាញឲ្យដឹងថា កីឡាករយូដូវ័យក្មេងកម្ពុជារបស់ខេមរសហព័ន្ធយូដូទាំង ៣ នាក់សុទ្ធសឹងធ្លាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 និងការប្រកួតកម្រិតអន្តរជាតិនានា ចំណែកចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ “ASIAN YOUTH GAMES 2025” នៅ ប្រទេសបារ៉ែននេះ រូបលោកមានក្តីសង្ឃឹមថាទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន់ឡើយ។

លោក ម៉ារ វង្សវិបុល បានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ “ASIAN YOUTH GAMES 2025” នេះមានកីឡាករ-កីឡាការិនីសម្បូរទៅដោយកីឡាករ-កីឡាការិនីវ័យក្មេងសុទ្ធតែជើងខ្លាំងៗ និងមានបទសោធន៍ច្រើន ប៉ុន្តែរូបលោកនៅតែមានក្តីសង្ឃឹមទៅលើកីឡាករទំាង៣នាក់រួមមានកីឡាទី ជីហាវ កីឡាករ ឃុំ រតនាសិលា និងកីឡាករ កែវ ពុទ្ធាចេស្តា ជាកីឡាករក្រុមថ្នាលក៏មានបទសោធន៍ប្រកួតកម្រិតអន្តរជាតិដែរ។ កីឡាករទំាងនេះអាចមានឱកាសដណ្តើមមេដាយជូនខេមរសហព័ន្ធយូដូ និងប្រទេសកម្ពុជាបាន ចំពោះមេដាយវិញលោកមិនអាចកំណតបានឡើយថា មេដាយមាស ប្រាក់ និងសំរិទ្ធទេ។

លោក ម៉ារ វង្សវិបុល បានបញ្ជាក់ថា កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ទេសរដ្ឋមន្ត្រីថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមជម្រើសជាតិយុវជនថ្នាលផ្នែកកីឡាយូដូ និងកីឡា វាយកូនឃ្លីលើតុ ក្នុងពហុកីឡដ្ឋានជាតិ មុនពួកគេចេញទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាពាក់កណ្ដាលខែតុលា។

បញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលត្រៀមចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន៕

ដោយ៖លី ភីលីព

