បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានសម្លាប់លោក Qassim al-Raymi ជាមេដឹកនាំក្រុមឥស្លាមជ្រុល និយម អាកៃដា នៅឧបទ្វីបអារ៉ាប់ ក្នុងប្រតិបត្តិការប្រឆាំង អំពើភេរវកម្មមួយ នៅប្រទេសយេម៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បានមាន ប្រសាសន៍ យ៉ាងដូច្នេះថា “ក្រោមការដឹកនំារបស់ លោក Rimi ក្រុមឥស្លាមជ្រុលនិយម អាកៃដាលើ ឧបទ្វីបកអារ៉ាប់ បានប្រព្រឹត្តអំពើហិង្សាយ៉ាងខ្ជីខ្ជា ទៅលើជនស៊ីវិល ក្នុងប្រទេស យេម៉ែន និងបានស្វះស្វែងធ្វើនិងជំរុញ ការវាយប្រហារ ជាច្រើនប្រឆាំងសហរដ្ឋអាមេរិក និងកងកម្លាំង របស់យើង”។
គួរបញ្ជាក់ថា យោងតាម សេចក្តីរាយការណ៍ ពីកាសែត The New York Times នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាត់ទុកក្រុម ឥស្លាមជ្រុលនិយម អាកៃដាលើឧបទ្វីបអារ៉ាប់ ថាជាសាខា ដ៏គ្រោះថ្នាក់បំផុតមួយ របស់បណ្ដាញអាកៃដា ដែលបង្កើតឡើង ដោយលោក អាសាម៉ា ប៊ិនឡាដិន៕ ប្រែសម្រួល៖ប៉ាង កុង