កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនក្រុមប្រតិភូ ហែលទឹកកម្ពុជា ៧ នាក់ ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញវត្តមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីហែលទឹកចំនួន ៧ នាក់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា យុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ (3rd Asian Youth Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែនជាផ្លូវការហើយ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ដោយទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការឯកភាពពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក នឹងចាត់បញ្ជូនក្រុមជម្រើសជាតិយុវជនថ្នាល លើប្រភេទកីឡា ហែលទឹក ចំនួន ៧រូប រួមមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ ៣រូប កីឡាការិនី ២រូប ទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ (3rd Asian Youth Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា សមាសភាពចូលរួមមានលោក ឆោម ច័ន្ទថុន ជាគ្រូបង្វឹក លោក ឌឿន រ៉ាត់ធីឌុន ជា គ្រូជំនួយ កញ្ញា ឃឺន ចន្ទចរិយា ជាកីឡាការិនី កញ្ញា លឹម សុខគន្ធពណ៍ ជាកីឡាការិនី លោក លឹម សុខវារៈស័ក្កិ ជាកីឡាករ លោក វ៉ាន់អូស្តិន ពិទ័រសុខខា ជាកីឡាករ និងលោក សុខ ឥស្សរៈ ជាកីឡាករ ពួកគាត់សុទ្ធសឹងជាកីឡាករ-កីឡាការិនីមានបទសោធន៍ ការប្រកួតកម្រិតអន្តរជាតិ៕
ដោយ៖លី ភីលីព

Most Popular

To Top