កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសរៀបចំ ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ សហព័ន្ធខែ្មរកីឡាហែលទឹកធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីរ រាជធានី/ខេត្ត សមាគម/ក្លឹបកីឡាហែលទឹក ទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំកម្មវិធី “ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ” ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញថា ដោយទទួលបានចំណារឯកភាពដ៏លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យរៀបចំ ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ជាផ្លូវការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។

ចំណែក សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានរួមមានផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
សម្រាប់ការទទួលពាក្យចូលរួម គឺនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក (អគារខាងជើងអាងហែលទឹក បរិវេណនៃពហុកីឡដ្ឋានជាតិ) សង្កាត់វាលវង់ ខណ្ឌ៧មករា រាធានីភ្នំពេញ។ ឈប់ទទួលពាក្យត្រឹមថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។កីឡាករ កីឡាការិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ០៣ វិញ្ញាសា(វិញ្ញាសាឯកត្តជន)៕

ដោយ៖ លី ភីលីព

Most Popular

To Top