វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាមបានរកឃើញប្រតិបត្តិការផលិតប្រេងឆាក្លែងក្លាយទ្រង់ទ្រាយធំមួយ ដោយផលិតផលក្លែងក្លាយរបស់ក្រុមហ៊ុន GF Vietnam Food Co., Ltd បានចែកចាយនៅលើទីផ្សារទូទាំងប្រទេសវៀតណាមតែម្តង។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា អាជ្ញាធរសុវត្ថិភាពចំណីអាហារកាលពីថ្ងៃទី ១៥ ខែតុលាបានចេញការព្រមានជាតិ បន្ទាប់ពីប៉ូលីសខេត្ត Hung Yen បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុននេះ។ ប្រេងដែលផលិតនៅរោងចក្រ GF Vietnam នៅទីក្រុង Hung Yen មិនបានបំពេញតាមស្តង់ដារសុវត្ថិភាព ហើយត្រូវបានបញ្ជាក់ថា ក្លែងក្លាយតាមរយៈការធ្វើតេស្តកោសល្យវិច្ច័យ។
ប្រេងក្លែងក្លាយរបស់ក្រុមហ៊ុនបានទៅដល់ខេត្ត និងទីក្រុងនានានៅទូទាំងប្រទេសមុនពេលការរកឃើញ ក្រោមឈ្មោះម៉ាកជាច្រើនរួមមាន Chica, Tamin Gold, Goldmax, Tot និង Megafood ។ ពេលនេះអាជ្ញាធរសូមអំពាវនាវដល់សាធារណជនកុំទិញ ឬប្រើប្រាស់ផលិតផលដែលមានម៉ាកយីហោទាំងនោះ ហើយរាយការណ៍ទំនិញដែលសង្ស័យដល់មន្ត្រីមូលដ្ឋាន។
មន្ត្រីក៏បានបញ្ជាឲ្យត្រួតពិនិត្យកាន់តែតឹងរ៉ឹង ដើម្បីតាមដានស្តុកក្លែងក្លាយដែលនៅសេសសល់ និងទប់ស្កាត់មិនឲ្យទៅដល់អ្នកប្រើប្រាស់។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ូលីសបានរកឃើញករណីក្លែងបន្លំអាហារទ្រង់ទ្រាយធំជាច្រើន រួមទាំងការរឹបអូសប្រេងឆាក្លែងក្លាយចំនួន ៧១,000 លីត្រ និង MSG ក្លែងក្លាយចំនួន ៤០ តោននៅក្នុងខេត្ត Phu Tho កាលពីខែមេសា៕
