ព័ត៌មានអន្តរជាតិ

U.N.ព្រមាន ៖ ប្រជាជនក្រីក្រជិត ៩០០ លាននាក់ នៅលើពិភពលោក កំពុងប្រឈម នឹងការប៉ះទង្គិចដោយសារការ ឡើងកម្ដៅផែនដី

U.N.៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អង្គការសហប្រជាជាតិបានព្រមានថា នាពេលបច្ចុប្បន្នប្រជាជន ក្រីក្របំផុត នៅលើពិភពលោកចំនួនជិត ៨០ ភាគរយ ឬប្រហែល ៩០០ លាននាក់ ត្រូវបានប៉ះពាល់ដោយ ផ្ទាល់ទៅនឹងគ្រោះថ្នាក់ អាកាសធាតុកាន់តែធ្ងន់ធ្ងរឡើង យសារការឡើងកម្ផែនដី ដែលទទួលរងនូវបន្ទុកទ្វេដង។

លោក Haoliang Xu អ្នកគ្រប់គ្រងស្តីទី នៃកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិបានប្រាប់ AFP ក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មាននរណាម្នាក់មានភាពស៊ាំទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដែលកាន់តែញឹកញាប់ និងខ្លាំងជាងនេះ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ រលកកម្ដៅ និងការបំពុលខ្យល់នោះទេ ប៉ុន្តែវាជាជនក្រីក្របំផុតក្នុងចំណោមពួកយើង ដែលកំពុងប្រឈមមុខនឹង ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត។

លោកបានបន្ថែមថា COP30 ជាកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុ របស់អង្គការសហប្រជាជាតិ នៅប្រទេសប្រេស៊ីល ក្នុងខែវិច្ឆិកា គឺជាពេលវេលាសម្រាប់មេដឹកនាំពិភពលោក ដើម្បីពិនិត្យមើលសកម្មភាពអាកាសធាតុថា ជាសកម្មភាពប្រឆាំងនឹងភាពក្រីក្រ” ។

យោងតាមការសិក្សាប្រចាំឆ្នាំចេញផ្សាយដោយ UNDP រួមជាមួយនឹង Oxford Poverty and Human Development Initiative បាននិយាយថា ប្រជាជន ១.១ ពាន់លាននាក់ ឬប្រហែល ១៨ ភាគរយនៃ ៦.៣ ពាន់លាន ក្នុង ១០៩ ប្រទេស ត្រូវបានវិភាគ ដែលរស់នៅក្នុងភាពក្រីក្រ ដោយផ្អែកលើកត្តាដូចជាការស្លាប់របស់ទារក និងការទទួលបានលំនៅដ្ឋាន អនាម័យ អគ្គិសនី និងការអប់រំ។

ករណីរបស់លោក Ricardo ជាសមាជិកនៃសហគមន៍ជនជាតិដើមភាគតិច Guarani ដែលរស់នៅក្រៅក្រុង Santa Cruz de la Sierra ជាទីក្រុងធំបំផុតរបស់បូលីវី។ លោក Ricardo រកបានប្រាក់ចំណូលតិចតួចក្នុងនាមជាកម្មករមួយថ្ងៃ បានចែករម្លែកគ្រួសារតែមួយតូចរបស់លោកជាមួយមនុស្ស ១៨ នាក់ផ្សេងទៀត រួមទាំងកូន ៣ នាក់របស់លោក ឪពុកម្តាយ និងគ្រួសារបន្តបន្ទាប់ទៀត។ ផ្ទះនេះមានបន្ទប់ទឹកតែមួយ ចង្ក្រានឈើ និងធ្យូង ហើយគ្មានកូននៅរៀនទេ។

របាយការណ៍នោះបាននិយាយថា ជីវិតរបស់ពួកគេឆ្លុះបញ្ចាំងពីភាព ពិតជាពហុវិមាត្រនៃភាពក្រីក្រ។ តំបន់២ដែលរងផលប៉ះពាល់ជាពិសេសដោយភាពក្រីក្របែបនេះគឺអនុតំបន់សាហារ៉ាអាហ្រ្វិក និងអាស៊ីខាងត្បូង ហើយពួកគេក៏ងាយរងគ្រោះខ្លាំងចំពោះផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុផងដែរ។

របាយការណ៍នេះបង្ហាញពី ទំនាក់ទំនងរវាងភាពក្រីក្រ និងការប៉ះពាល់ទៅនឹងហានិភ័យបរិស្ថានចំនួន ៤៖ កម្ដៅខ្លាំង គ្រោះរាំងស្ងួត ទឹកជំនន់ និង ការបំពុលខ្យល់។ គ្រួសារក្រីក្រងាយរងគ្រោះដោយសារអាកាសធាតុ ព្រោះភាគច្រើនពឹងផ្អែក លើវិស័យដែលងាយរងគ្រោះខ្លាំងដូចជាវិស័យកសិកម្ម និងកម្លាំងពលកម្មក្រៅប្រព័ន្ធ។

ជាលទ្ធផល ប្រជាជន៨៨៧ លាននាក់ ឬ ជិត ៧៩ ភាគរយ នៃចំនួនប្រជាជន ក្រីក្រទាំងនេះ ត្រូវបានប៉ះពាល់ ដោយផ្ទាល់ ទៅនឹងការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងទាំងនេះ ដោយមនុស្ស ៦០៨ លាននាក់ទទួលរង ពីកម្ដៅខ្លាំង ៥៧៧ លាននាក់រងផល ប៉ះពាល់ដោយការបំពុល ៤៦៥ លាននាក់ដោយទឹកជំនន់ និង២០៧ លាននាក់ដោយគ្រោះរាំងស្ងួត៕

Most Popular

To Top