កីឡា

ទីម័រខាងកើតទម្លាក់ កំហុសលើម្ចាស់ផ្ទះថៃ បន្ទាប់ពីខកខានកាលបរិច្ឆេទ នៃការចុះឈ្មោះ SEA Games 33

ទីម័រខាងកើត ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសទីម័រខាងកើត ស្ទើរតែខកខានព្រឹត្តិការណ៍កីឡាបាល់ ទាត់បុរសនៅការប្រកួត SEA Games 33 បន្ទាប់ពីខកខាន មិនបានចុះឈ្មោះមុនថ្ងៃ ផុតកំណត់ ក្រោយមកបានបន្ទោសម្ចាស់ផ្ទះថៃ ចំពោះកំហុសរបស់ពួកគេ។

គណៈកម្មាធិការរៀបចំការប្រកួតកីឡា SEA Games 33 នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ក្រុមបាល់ទាត់បុរសចំនួន ៩ ក្រុម រួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងសិង្ហបុរី។

ទីម័រខាងកើត បានប្រតិកម្មភ្លាមៗ ដោយចោទប្រកាន់ថា ថៃបានដកចេញក្រុមរបស់ពួកគេដោយមិនសមហេតុផល ដែលបណ្តាលឲ្យមានការរិះគន់ ពីអ្នកគាំទ្រក្នុងស្រុកប្រឆាំង នឹងប្រទេសម្ចាស់ផ្ទះ។

នេះបើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយថា លោក Chaiphak Siriwat អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA Games 33 បាននិយាយថា លោកកំពុងគេងមិនលក់ ដោយសារប្រតិកម្មពីទីម័រខាងកើត ដោយលោកបញ្ជាក់ថា មិនមានក្រុមណាមួយត្រូវបានថៃដកចេញឡើយ ដោយសារការចូលរួមត្រូវបានបញ្ជាក់តាមរយៈបញ្ជីឈ្មោះក្រុម។

ក្រោយមកមន្ត្រីទីម័រខាងកើត បានសារភាពថា កំហុសនេះ គឺមកពីបុគ្គលិក របស់ពួកគេ ខកខានក្នុងការចុះឈ្មោះ ក្រុមមុនថ្ងៃកំណត់ ហើយបានផ្ញើការសុំទោស ជាផ្លូវការទៅកាន់ប្រទេសថៃ ។ ក្នុងការចាប់ឆ្នោតកីឡាបាល់ទាត់ បុរសស៊ីហ្គេមកាលពីថ្ងៃអាទិត្យ ទីម័រខាងកើតត្រូវបានបញ្ចូល ក្នុងការប្រកួតដោយចូលរួមជាមួយម្ចាស់ផ្ទះថៃ និងកម្ពុជាក្នុងពូល A។

អនុប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោក Charnwit Polcheewin បានប្រាប់ Bangkok Post ថា ការផ្លាស់ប្តូរយឺតយ៉ាវ បានមកពីគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើ តាមការណែនាំនោះទេ។

ការប្រកួតក្នុងពូល A នឹងធ្វើឡើងនៅកីឡដ្ឋាន Tinsulanon មានកៅអីចំនួន ៣០,០០០  ក្នុងក្រុង Songkhla។ ពូល B និង C នឹងលេងនៅកីឡដ្ឋាន 700th Anniversary Stadium មានកៅអី ១៨,០០០ របស់ឈៀងម៉ៃ ជាមួយនឹងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Rajamangala មានកៅអីចំនួន ៥១,៥០០ របស់ទីក្រុងបាងកក។

Most Popular

To Top