កីឡា

លោក សែម សុខា ៖ វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ដល់គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធឲ្យបានយល់ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានៅខេត្តកែប

ខេត្តប៉ៃលិន៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោកស្រី គឹម ចន្នី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិកាស្ប៉េស្យាល់អូឡាំពិកខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ស្ប៉េស្យាល់អូឡាំពិកនៅខេត្តកែប រៀបចំដោយប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជាសហការជាមួយអនុគណៈកម្មាធិកាស្ប៉េស្យាល់អូឡាំពិកខេត្តខេត្តកែប។

លោក សែម សុខា បានមានប្រសាសន៍ថា ក្នុងនាមលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ព្រមទាំងក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីនេះឡើង។ សកម្មភាពទាំងនេះ សរបញ្ជាក់ពីការចូលរួមចំណែកក្នុងការអភិវឌ្ឍចលនាកីឡាស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការតាមរយៈការលេងកីឡា និងការយល់ដឹងអំពីបញ្ហាសុខភាពផ្សេងៗ។

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានយកចិត្តទុដាក់ជួយជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងមានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ ទាក់ពីសំណាក់អាណាព្យាបាល និងជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសង្គម។

លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្រៅពីនេះ យើងបានសហការជាមួយអង្គការ សមាគមនានាបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនពិការ មិនតែប៉ុណ្ណោះយើងមានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទៀតផង។ ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានយកចិត្តទុដាក់ក្នុងការពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកទៅតាមរាជធានី ខេត្ត រួមមាន អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៥ នេះយើងបានបង្កើត អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តចំនួន៣ទៀតគឺ ខេត្តប៉ៃលិន ខេត្តកោះកុង និងខេត្តកែប សរុបរាជធានី ខេត្ត ចំនួន១៩ និងបន្តបញ្ចប់ដល់គ្រប់បណ្តាខេត្តទូទាំងប្រទេស ក្នុងឆ្នាំ២០២៦-២០២៧ ខាងមុខនេះ។

វគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធឲ្យបានយល់ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានានាដូចនាពេលនេះស្រាប់។ ជាពិសេស ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់ៗដូចជា ផ្តល់ចំណេះដឹងអំពីលក្ខណៈសម្បត្តិជនមានពិការភាពបញ្ញាខ្សោយ និងវិញ្ញាសាកីឡាដែលពួកគាត់អាចលេងបាន និងវិញ្ញាសាដែលត្រូវហាមឃាត់ ភាពខុសគ្នារវាង កីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក ដែលសិក្ខាកាម អាចយកទៅអនុវត្តក្នុងការហ្វឹកហាត់នៅតាមអង្គភាព មូលដ្ឋានរបស់ពួកគាត់។ មិនតែប៉ុណ្ណោះយើងមាន កម្មវិធីផ្សេងៗ ជាច្រើនទៀតដូចជា វេទិកាអាណាព្យាបាលសុខភាពសហគមន៍ ត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី និងការហ្វឹកហាត់ផ្សេងៗ រួមបញ្ចូលគ្នា ដើម្បីបំពេញតម្រូវការក្នុងសហគមន៍របស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។

លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាស្ប៉េស្យាល់អូឡាំពិកដល់សិក្ខាកាមចំនួន ៣៤ រូប ស្រី ៤ រូប បានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ពិការខ្សោយសតិបញ្ញា មកហ្វឹកហាត់ដែលជាការផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមសកម្មភាពកីឡាទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ សមាសភាពចូលរួមវគ្គរួមមាន មន្រ្តីសាលាខេត្តកែប មន្ត្រី មន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ត្រី មន្ទីរសុខាភិបាលខេត្ត មន្ត្រី និងគ្រូអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត៕

ដោយ៖ លី ភីលីព

Most Popular

To Top