ព័ត៌មានអន្តរជាតិ

ក្មេងប្រុសជនជាតិ វៀតណាម អាយុ ១៥ ឆ្នាំម្នាក់ រងរបួសខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីជក់បារីអេឡិចត្រូនិច ដែលមានផ្ទុកសារធាតុសំយោគ

វៀតណាម ៖ គ្រូពេទ្យនៅទីក្រុងហាណូយ បាននិយាយថា ក្មេងប្រុសជនជាតិវៀតណាមអាយុ ១៥ ឆ្នាំម្នាក់បានរងរបួសខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីរូបគេជក់បារីអេឡិចត្រូនិច មានផ្ទុកសារធាតុសំយោគ ដែលគាត់បានទិញតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

លោក Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលត្រួតពិនិត្យថ្នាំពុលនៅមន្ទីរពេទ្យ Bach Mai កាលពីថ្ងៃទី ២៤ ខែតុលាបាននិយាយថា ក្មេងជំទង់រូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី ១០ ថ្ងៃមុន ដោយសារសាច់ដុំរឹង និងប្រកាច់ពេញរាងកាយ ។ ចំណែកក្រុមគ្រួសាររបស់គាត់ក៏បាននិយាយថា គាត់បានជក់បារីអេឡិចត្រូនិចអស់ រយៈពេលជាងមួយឆ្នាំហើយ ហើយថ្មីៗនេះ បានសាកល្បងប្រអប់ប្រេងថ្មីមួយ ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា មានផ្ទុកសារធាតុកញ្ឆា។

ការធ្វើតេស្តក្រោយមកបានបង្ហាញថា ប្រអប់ប្រេងនេះមានផ្ទុកសារធាតុ 5F-ADB ដែលជាសារធាតុកញ្ឆាសំយោគដ៏មានឥទ្ធិពលខ្លាំង ត្រូវបានហាមឃាត់ក្នុងប្រទេស ជាច្រើនលើពិភពលោក។

លោក Nguyen បានបន្តថា សារធាតុគីមីនេះមានជាតិពុលស្មុគស្មាញបានវាយប្រហារប្រព័ន្ធសរសៃប្រសាទ បេះដូង និងសរីរាង្គខាងក្នុង ជារឿយៗតាមរបៀបដែលបោកបញ្ឆោតទាំងអ្នកជំងឺ និងគ្រូពេទ្យ។ លោកបានព្រមានថា ការប្រើប្រាស់ម្តងហើយម្តងទៀតអាចនាំឲ្យមានការស្លាប់ ឬការខូចខាតសរីរាង្គ និងផ្លូវចិត្តរយៈពេលវែង។

ការស្កេន MRI បានបង្ហាញថា សារធាតុពណ៌ស របស់ក្មេងប្រុសនោះត្រូវបានខូចខាត នៅអឌ្ឍគោលខួរក្បាលទាំង២ ។ គាត់ក៏បានទទួលរង នូវជំងឺខ្សោយតម្រងនោមស្រាល ជំងឺលើសឈាមសួត និងបេះដូងរីកធំ រួមជាមួយនឹងសញ្ញា នៃជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិក និងរោគសញ្ញាដូចជំងឺវិកលចរិក ។ បន្ទាប់ពីការព្យាបាលរយៈពេល ១០ ថ្ងៃ គាត់ត្រូវបានបញ្ជូនទៅវិទ្យាស្ថានសុខភាពផ្លូវចិត្តជាតិ សម្រាប់ការថែទាំបន្ថែម៕

Most Popular

To Top