កីឡា

សហព័ន្ធកីឡារាំកម្ពុជាប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡារាំជាផ្លូវការ

ភ្នំពេញ ៖លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធតំណាង លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោក ងិន សុបញ្ញា តំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិកាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡារាំ ជាផ្លូវការ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡាដើម្បីបង្កើន គុណភាពដល់គ្រូបង្វឹករបស់ខ្លួន នៅសាលប្រជុំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបាននិយាយថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីលោកស្រីប្រធានសហព័ន្ធកីឡារាំកម្ពុជាសហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡារាំ ដែលមានសិក្ខាកាមចួលរួមសរុបចំនួន២៥នាក់ (ស្រី១៣ នាក់)។ វគ្គបណ្តុះ បណ្តាល នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា រាជធានីភ្នំពេញ។វគ្គនេះបង្រៀន ដោយលោកគ្រូឧទ្ទេសចំនួន ៣នាក់ គឺលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំ លោកគ្រូ ស៊ូវ តុង គ្រូសហព័ន្ធកីឡារាំ និង កញ្ញា YOU SHU JIE គ្រូសហព័ន្ធកីឡារាំ និង មានសិក្ខាកាម ២៥ នាក់ អញ្ជើញមកពីរាជធានីភ្នំពេញ។

លោកអគ្គលេខាធិការ បានបន្តថា ឆ្លងតាមការសិក្សាអស់រយៈពេល៣ថ្ងៃសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើនដើម្បីអភិវឌ្ឍចៅក្រមកីឡារាំ និង បច្ចេកទេសតិចនិចល្អៗជាច្រើន ដូចជាប្រវត្តិទូទៅរបស់សហព័ន្ធកីឡារាំពិភពលោក ក្រមសីលធម៌ជាចៅក្រម បទបញ្ជាប្រកួតរបស់ ច្បាប់ប្រឆាំងការប្រើប្រាស់សារធាតុ របស់សហព័ន្ធកីឡារាំពិភពលោក ប្រព័ន្ធនៃការវិនិច្ឆ័យ ការធ្វើតេស្តបច្ចេកទេស បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង ដើម្បីបង្កើនធនធានជាចៅក្រម ជំនាញកីឡារាំឲ្យកាន់តែរីកចំរើន ។ក្នុងនោះសិក្ខាកាមដែលទទួលនិទ្ទេស ល្អបង្គួរ ចំនួន ៧០ ភាគរយ និទ្ទេសមធ្យមចំនួន ៣០ ភាគរយ។

លោកស្រី ហង់ ស៊ីមនបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់សិក្ខាកាមក្នុងការពង្រឹ ង សមត្ថភាព សមត្ថភាព និងបង្កើនធនធានមនុស្ស លើផ្នែកជំនាញចៅក្រមកីឡារាំ និងជាពិសេសសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីការវិវឌ្ឍន៍របស់ច្បាប់ ប្រព័ន្ធវិនិច្ឆ័យពិន្ទុ និងបញ្ជាគ្រប់គ្រងការប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកម្រិតជំនាញចៅក្រមកីឡារាំ ដល់មន្រ្តីកីឡា កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា ដើម្បីអភិវឌ្ឍកីឡារាំឲ្យកាន់តែមានការរីកចម្រើនដូចបណ្តាលប្រទេសលើសកលលោក។

លោកស្រី ម៉ក់ វណ្ណស៊ីថា ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ ក្នុងការចែករម្លែក និងផ្តល់ចំណេះដឹងជំនាញអាជ្ញាកណ្តាល និងចៅក្រមកីឡារាំ និងដល់សិក្ខាកាមនាពេលនេះ និងសូមអរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា គាំទ្រដល់សហព័ន្ធកីឡារាំ កម្ពុជាបន្តទៀត ។ សូមសិក្ខាកាម និងសមាជិកក្លឹបទាំងអស់ ខិតខំប្រឹងប្រែងក្រេបយកនៅពុទ្ធិចំណេះដឹង នូវជំនាញ អាជ្ញាកណ្តាល និងចៅក្រមកីឡារាំបន្តសាមគ្គីគ្នា ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងនាមអភិវឌ្ឍវិស័យកីឡារាំឲ្យទទួលជោគជ័យ និងមានសក្តានុពល ទាំងលើឆាកជាតិ និងអន្តរជាតិ៕

ដោយ៖លី ភីលីព

Most Popular

To Top