ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការប្រកួតថ្មីមួយគឺព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ FIFA ASEAN Cup នឹងត្រូវដាក់ឲ្យដំណើរ ការជាផ្នែកមួយ នៃកិច្ចព្រមព្រៀងរវាង FIFA និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានគោលបំណង ជំរុញការអភិវឌ្ឍបាល់ទាត់ទូទាំងតំបន់ ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៧ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃអាទិត្យ ជាកន្លែងដែលប្រធាន FIFA លោក Gianni Infantino និងលោកលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយ។
ការប្រកួតនេះនឹងប្រមូលផ្តុំក្រុមជម្រើសជាតិ មកពីរដ្ឋសមាជិកអាស៊ានទាំងអស់ក្នុងទម្រង់ដែលបំផុសគំនិតដោយពានរង្វាន់ Arab Cup ត្រូវបានរៀបចំឡើងជាលើកដំបូងដោយ FIFA កាលឆ្នាំ ២០២១។
លោក Infantino បានមានប្រសាសន៍ថា នេះនឹងក្លាយជាការបន្ថែមដ៏អស្ចារ្យមួយទៅក្នុងប្រតិទិនបាល់ទាត់ក្នុងតំបន់ ។ តាមរយៈពានរង្វាន់ FIFA ASEAN Cup យើងកំពុងបង្រួបបង្រួម ប្រទេសនានា ហើយការប្រកួតនេះនឹងទទួលបាន ជោគជ័យយ៉ាងធំធេង ព្រោះវានឹងជួយជំរុញ បាល់ទាត់ក្រុមជម្រើសជាតិ នៅក្នុងតំបន់អាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍកីឡា របស់យើងនៅទូទាំងអាស៊ីអាគ្នេយ៍។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក នឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ រួមទាំងសហព័ន្ធបាល់ទាត់អាស៊ី សហព័ន្ធបាល់ទាត់អាស៊ាន និងសមាគមសមាជិក FIFA ដែលពាក់ព័ន្ធ ដើម្បីបញ្ចប់ទម្រង់នៃការប្រកួត៕
