កីឡា

កីឡាការិនីវាយសីនារី លេខ ៦ ពិភពលោករបស់ថៃ នឹងចូលរួមក្នុងព្រឹត្តិការណ៍ SEA Games 33 នៅលើទឹកដីកំណើតវិញ

ថៃ៖ កីឡាការិនីវាយសីលំដាប់លេខ ៦ ពិភពលោក របស់ប្រទេសថៃ នាង Pornpawee Chochuwong បានផ្លាស់ប្តូរចិត្តរបស់នាង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសថា នាងនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ SEA Games 33 ដោយសារតែខ្វះការគាំទ្រ ពីសមាគមវាយសីថៃ (BAT) យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express  ។

នាង Chochuwong បានដាក់សំណើបដិសេធ មិនចូលរួមប្រកួតនៅការប្រកួតកីឡា SEA Games 33 ទៅកាន់អាជ្ញាធរកីឡាថៃ (SAT) កាលពីថ្ងៃចន្ទ ខណៈនាងមានអារម្មណ៍ខកចិត្តចំពោះរបៀប ដែល សមាគមវាយសីថៃ (BAT)បានប្រព្រឹត្តចំពោះអត្តពលិក។

ទោះជាយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃអង្គារ នាង Chochuwong បានផ្លាស់ប្តូរចិត្តរបស់នាង បន្ទាប់ពីជួបជាមួយឧបនាយករដ្ឋមន្ត្រី Thammanat Prompao និងនាយក SAT Kongsak Yodmanee។

នេះបើយោងតាមការចុះផ្សាយ របស់ Siam Sportបានចេញផ្សាយថា នាង Chochuwong បាននិយាយថា នាងបានសម្តែងទស្សនៈ របស់នាងទៅកាន់មន្ត្រីថា លក្ខខណ្ឌសម្រាប់នាងក្នុងការចូលរួមព្រឹត្តិការណ៍ SEA Games 33 គឺ BAT ត្រូវការផ្លាស់ប្តូរ ដើម្បីឲ្យកីឡាករវ័យក្មេងអាចរីកចម្រើន និងជំនួសអ្នកកាន់តំណែងមុនៗរបស់ពួកគេទាន់ពេលវេលា ។

កីឡាការិនីវ័យ ២៧ ឆ្នាំរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សហព័ន្ធនេះមិនស៊ីសង្វាក់គ្នា ហើយមិនលើកកម្ពស់ការអភិវឌ្ឍកីឡានេះទេ ។ ខ្ញុំចង់ឲ្យថ្នាក់ដឹកនាំ BAT ធ្វើការដោយយុត្តិធម៌ និងជៀសវាងការរំលោភអំណាចរបស់ពួកគេ។

នាង Chochuwong ក៏បានថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រនាង ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀតដល់នាងក្នុងការប្រកួតប្រជែង។ កីឡាការិនីវាយសីលេខមួយរបស់ប្រទេសថៃ ប្តេជ្ញាចិត្តឈ្នះមេដាយមាសក្រុមនារីនៅ SEA Games នៅលើទឹកដីកំណើត ដែលក៏នឹងក្លាយជាការប្រកួតចុងក្រោយ នៃអាជីពរបស់នាងផងដែរ៕

Most Popular

To Top