កីឡា

ម៉ាឡេស៊ីថ្កោលទោសការលេចធ្លាយឯកសារលើកីឡាករអាហ្សង់ទីនទទួលបានសញ្ជាតិ ចំពេលមានទណ្ឌកម្មរបស់ FIFA

ម៉ាឡេស៊ី៖ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីកំណត់ត្រាកំណើតដែលមិនបានផ្ទៀងផ្ទាត់របស់ជីដូនជីតារបស់ខ្សែការពារ Facundo Garcés ត្រូវបានលេចធ្លាយតាមអ៊ីនធើណេត ខណៈFIFA បន្តពិនិត្យមើលបណ្តឹងឧទ្ធរណ៍របស់ប្រទេសប្រឆាំងនឹងការហាមឃាត់សម្រាប់គាត់ និងកីឡាករដែលទទួលបានសញ្ជាតិចំនួន៦នាក់ផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

នៅថ្ងៃទី ៣០ ខែតុលា សារព័ត៌មាន Capital de Noticias នៅប្រទេសអាហ្សង់ទីនបានចេញផ្សាយឯកសារបង្ហាញថាជីដូនជីតា និងជីដូនជីតាទួតរបស់លោក Garcés កើតនៅប្រទេសអាហ្សង់ទីន ឬអេស្ប៉ាញ មិនមែននៅប្រទេសម៉ាឡេស៊ីទេ។ ព័ត៌មាននេះ ប្រសិនបើត្រូវបានផ្ទៀងផ្ទាត់ នឹងមានន័យថា លោក Garces មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសញ្ជាតិរបស់ FIFA។

របាយការណ៍នេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ីអាគ្នេយ៍។

លោក Datuk Yusoff Mahadi ប្រធានស្តីទី FAM បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអះអាងទាំងនេះ ហើយបានសង្កត់ធ្ងន់ថា ឯកសារទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ទេ។ លោកបានប្រាប់គេហទំព័រព័ត៌មានម៉ាឡេស៊ី Scoop ថា នេះពិតជាបង្កគ្រោះថ្នាក់ណាស់ ជាពិសេសនៅពេលយើងកំពុងរង់ចាំសាលក្រមប្តឹងឧទ្ធរណ៍របស់ FIFA។ យើងមិនដឹងពីប្រភពព័ត៌មាននេះទេ ហើយវាមិនយុត្តិធម៌ក្នុងការសន្និដ្ឋានមុនពេលការសម្រេចចិត្តជាផ្លូវការត្រូវបានធ្វើឡើង។

លោក Mahadi បានជំរុញឲ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជៀសវាងការផ្សព្វផ្សាយការអះអាងមិនបានផ្ទៀងផ្ទាត់ ដោយនិយាយថា របាយការណ៍បែបនេះ មិនជួយដល់កីឡាករ ឬបាល់ទាត់ម៉ាឡេស៊ីទេ។

លោក Garcés កើតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៩៩ នៅ Santa Fe ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមអាជីពរបស់លោកជាមួយក្លឹបក្នុងស្រុក Colón មុនពេលចូលរួមជាមួយក្រុម Alavés នៃលីគ La Liga ខែមករា ឆ្នាំ២០២៥ ជាកន្លែងដែលលោកបានក្លាយជាខ្សែការពារដ៏សំខាន់យ៉ាងឆាប់រហ័ស។ លោកបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ម៉ាឡេស៊ីក្នុងជ័យជម្នះ ៤-0 ទល់នឹងវៀតណាមក្នុងអំឡុងពេលជម្រុះ Asian Cup 2027 នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥៕

Most Popular

To Top