ម៉ាឡេស៊ី៖ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសថា ខ្លួននឹងដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានបដិសេធបណ្តឹងឧទ្ធរណ៍របស់ខ្លួន និងបានគាំទ្រទណ្ឌកម្មប្រឆាំងនឹងកីឡាករសញ្ជាតិចំនួន ៧ នាក់របស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោក Datuk Yusoff Mahadi ប្រធានស្តីទី FAM បានបញ្ជាក់ថា សមាគមនឹងប្រើប្រាស់មធ្យោបាយចុងក្រោយ ដែលកំពុងយកករណីនេះទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) នៅយប់ថ្ងៃចន្ទ ត្រឹមតែ ១០ នាទីបន្ទាប់ពី FIFA បានបដិសេធបណ្តឹងឧទ្ធរណ៍របស់ខ្លួន និងបានគាំទ្រការព្យួរប្រឆាំងនឹងកីឡាករសញ្ជាតិចំនួន ៧ នាក់ ពីបទប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីតំណាងឲ្យប្រទេសម៉ាឡេស៊ីនៅវគ្គជម្រុះ Asian Cup 2027 ។ កីឡាករទាំងនេះត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពបាល់ទាត់ទាំងអស់រយៈពេល ១២ ខែ ដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែកញ្ញាតទៅ។
លោក Mahadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដកស្រង់ដោយ New Straits Times ថា FAM បានទទួលការសម្រេចចិត្តពី FIFA ដែលបណ្តឹងឧទ្ធរណ៍របស់យើងត្រូវបានបដិសេធ។ FAM នឹងសរសេរទៅកាន់ FIFA ដើម្បីទទួលបានព័ត៌មានលម្អិតពេញលេញ និងហេតុផលជាលាយលក្ខណ៍អក្សរនៅពីក្រោយការសម្រេចចិត្ត មុនពេលចាត់វិធានការបន្ទាប់ដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅ CAS។
សមាគមមានរយៈពេល ១០ ថ្ងៃដើម្បីស្នើសុំរបាយការណ៍លម្អិតអំពីការបដិសេធបណ្តឹងឧទ្ធរណ៍ពី FIFA ហើយនឹងមានរយៈពេល ២១ ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍ចុងក្រោយទៅ CAS។
លោក Mahadi បានបន្ថែមថា នេះជាលើកដំបូងដែល FAM បានប្រឈមមុខនឹងស្ថានភាពដូចនេះ ហើយមេធាវី និងក្រុមគ្រប់គ្រងរបស់យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។ ទោះជាយ៉ាងណាក៏ដោយ FAM នឹងបន្តឈរយ៉ាងរឹងមាំក្នុងការការពារសិទ្ធិរបស់កីឡាករ និងផលប្រយោជន៍របស់បាល់ទាត់ម៉ាឡេស៊ីនៅកម្រិតអន្តរជាតិ៕
