ភ្នំពេញ៖ នាអាកាសយានដ្ឋានអន្តរជាតិតេជោ សហព័ន្ធកីឡារាំកម្ពុជានាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៦ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡារាំ DSA ASIAN SOLO Single Dance Championship និង DSA ASIAN Single Dance Championship នៅទីក្រុងហុងកុង ប្រទេសចិន ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្ធកីឡារាំកម្ពុជាតំណាងឲ្យលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡារាំកម្ពុជបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ០៦ នាក់ ចូលរួមការប្រកួត DSA ASIAN SOLO Single Dance Championship និង DSA ASIAN Single Dance Championship ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡា ត្រៀមចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

លោកស្រីអគ្គលេខាធិការ បានបន្ថែមថា ការចូលរួមការប្រកួតកម្រិតអន្តរជាតិខាងលើកនេះ សម្រាប់សហព័ន្ធកំពុងខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច របស់ខ្លួន យ៉ាងសកម្ម ដើម្បីគោលដៅពង្រឹងពង្រីកនិងអភិវឌ្ឍវិស័យកីឡា រាំកម្ពុជា ឲ្យកាន់តែផុសផុល និងរឹងមាំក្នុងគុណភាពបច្ចេកទេសឈានឆ្ពោះទៅរកមេដាយមាសជូនជាតិលើឆាកអន្តរជាតិ។

បន្ទាប់ពីលោកស្រីប្រធាន ញ៉ែម មរកត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីរហូតដល់ចូលរួមប្រកួតប្រជែង មេដាយបានជាបន្តបន្ទាប់លើឆាកអន្តរជាតិ ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងទាំងអស់គ្នា បានប្រឹងប្រែងអភិវឌ្ឍវិស័យ កីឡារាំ ឲ្យទទួលបានការគាំទ្រ នាពេលនេះ យើងមិនមានធនធានច្រើនទេ ហើយក៏មិន មានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្ត ធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយ ធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរ ការអភិវឌ្ឍបន្ថែមទៀត។

លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារំាកម្ពុជាអាណត្តិ ចាស់បានទទួលការគាំទ្រ ជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត ដែលអមដោយអនុប្រធានចំនួន៤ រូប គឺលោក វ៉ាត់ ចំរើន លោកស្រី ម៉ក់ វណ្ណស៊ីថា លោកឧកញ៉ា ប៉ិច បូឡែន លោកស្រី ប៉ុក ណណ្តា ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោក ស៊ូវ តុង លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង លោកស្រី ហង់ ស៊ីណា ជាអគ្គហិរញ្ញឹក កញ្ញា ងួន ស្រីនិច ជាអគ្គហិរញ្ញឹករង កញ្ញា You Shu Jie លោកស្រី កែវ ហារី លោកស្រី បាន សុជាតិ លោកស្រី ទ្រី សុថាវី កញ្ញា គុយ ស៊ីវឡេង លោក ចាយ សង្ហា និងលោក វ៉ាត់ ពន្លឺ ជាសមាជិក ។
ចាប់តាំងពីការបង្កើត សហព័ន្ធកីឡារាំកម្ពុជា កាលពីឆ្នាំ២០០៩ ក្រៅពីទទួលបានការគាំទ្រ នៅក្នុងស្រុក សហព័ន្ធក៏ត្រូវបានទទួល ស្គាល់ជា អន្តរជាតិ ពីសហព័ន្ធកីឡារាំ ពិភពលោក(WDSF)និងសហព័ន្ធរាំអាស៊ីផងដែរ ។ ជាមួយនិងការខិតខំជាបន្ត បន្ទាប់នោះ សហព័ន្ធជំនាញមួយនេះ បានជំរុញឲ្យមានការបង្កើតក្លឹប បានចំនួន ៦ នាពេលបច្ចុប្បន្ន ដោយមានកីឡាករ-កីឡាការិនីប្រមាណ ៥៦ នាក់ ខណៈសហព័ន្ធមានចៅក្រមថ្នាក់ជាតិ ៤នាក់ និងអន្តរជាតិម្នាក់ ៕
ដោយ៖លី ភីលីព
