ភ្នំពេញ ៖ កីឡាករ-កីឡាការិនីវាយកូនបាល់មកពី ២១ ប្រទេសចូលរួមការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ ឆ្នាំ២០២៥ “30th Annual Tep Kunnah Memorial Cup 2025” ដែលមានរយៈពេល ១៤ ថ្ងៃ លើទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើឡើងគុណដល់លោក ទេព ឃុនណា ជាអតីតកីឡាករវាយកូនបាល់ឆ្នើម របស់ប្រទេសកម្ពុជាប្រព្រឹត្ត ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកាដល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។

កញ្ញា ស៊ុម ចន្តា អ្នកសម្របសម្រួលការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយកូន បាល់ពានរង្វាន់ទេព ឃុនណា លើកទី៣០ ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនីវាយកូនបាល់មកពី ២១ ប្រទេសរួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន ហុងកុង ចិនតាប៉ី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម ជប៉ុន ចក្រភពអង់គ្លេស ន័រវែស ប្រ៊ុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស កម្ពុជា និងប្រទេសបារាំង។

សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា នឹងធ្វើការប្រកួតវគ្គជម្រុះសប្តាហ៍ទី១ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ដើម្បីស្វែងជើងខ្លាំងឡើងទៅវគ្គបន្ត ហើយសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ និងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ចំណែកសប្តាហ៍ចុងក្រោយជាវគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១ ២២ ខែវិច្ចិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនបាល់ ក្នុងស្តាតមរតកតេជោ។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា បាននិយាយថា ការប្រកួតនេះធ្វើឡើង ដើម្បីរំលឹកដល់លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជា មួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ ការប្រកួតកីឡារំលឹក ខួបលើកទី ២៩ នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំ ឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ ឆ្នើមរបស់កម្ពុជា ដែលបានទទួល មរណៈភាព ប្រមាណជាង២០ឆ្នាំកន្លងទៅ ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា ការប្រកួតនេះ ដំណើរការរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៨ នឹងបញ្ចប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ការប្រកួតខាងលើនេះ សហព័ន្ធផ្តោតសំខាន់ ទៅលើកីឡាករ-កីឡាការិនី វាយកូនបាល់វ័យក្មេងរួមមានកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេង ៕
ដោយ៖លី ភីលីព



