ឥណ្ឌា ៖ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ដកស្រង់ដោយ RIA Novosti បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ី បានបង្កើនការនាំចេញត្បូងពេជ្រ របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាទ្វេដង ដោយការនាំចេញពេជ្រនេះបានកើនឡើងទឹកប្រាក់ដល់ ៣១,៣ លានដុល្លារ ដែលច្រើនជាងទ្វេដងនៃ ១៣,៤ លានដុល្លារបានកត់ត្រាក្នុងខែសីហា ឆ្នាំ ២០២៤ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
យោងតាមទិន្នន័យថា ទោះជាយ៉ាងណាក៏ដោយ បរិមាណសរុបនៃការផ្គត់ផ្គង់ពេជ្ររបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានថយចុះជិត ៤០ ភាគរយ ដោយឈានដល់ ៣៤២,១ លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ អ្នកផ្គត់ផ្គង់ត្បូងមានតម្លៃធំជាងគេទៅកាន់ប្រទេសឥណ្ឌាក្នុងខែសីហាគឺ UAE (៦៨៥ លានដុល្លារ) បន្ទាប់មក គឺហុងកុង (១៧៣,១ លានដុល្លារ) និងអាមេរិក (១៤០,៣ លានដុល្លារ)។
រុស្ស៊ីគឺជាអ្នកផលិតពេជ្រមានតម្លៃធំជាងគេបំផុតនៅលើពិភពលោក ហើយធ្លាប់ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកាត់ និងប៉ូលាដ៏ធំរបស់ឥណ្ឌា ។ ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី និងក្រុមហ៊ុនរុករករ៉ែធំ ជាងគេរបស់ខ្លួនគឺ Alrosa បានប៉ះពាល់ដល់ឧស្សាហកម្មឥណ្ឌា។
សហភាពអឺរ៉ុប និងប្រទេស G7 បានរឹតត្បិតការនាំចូលពេជ្រ មិនមែនឧស្សាហកម្មដោយផ្ទាល់ ត្រូវបានជីកយករ៉ែ កែច្នៃ ឬផលិតនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីខែមករា ឆ្នាំ២០២៤ ។ ការហាមឃាត់នេះត្រូវបានពង្រីកដល់ពេជ្រត្រូវបានកាត់ និងប៉ូលាក្នុងប្រទេសទី៣ ប៉ុន្តែមានប្រភពដើមនៅប្រទេសរុស្ស៊ី។
លើសពីនេះ ឧស្សាហកម្មពេជ្រឥណ្ឌា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីពន្ធ ៥០ ភាគរយដែលដាក់ដោយអាមេរិកលើពេជ្រកាត់ និងប៉ូលា។ ការយកពន្ធនេះរួមបញ្ចូលទាំងពន្ធពិន័យ ២៥ ភាគរយជាការពិន័យសម្រាប់ប្រទេសដែលទិញប្រេងរបស់រុស្ស៊ី បន្ថែមពីលើពន្ធទៅវិញទៅមក ២៥ ភគរយដាក់លើទំនិញពីឥណ្ឌា បន្ទាប់ពីទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោន មិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងខែសីហា៕
