កីឡា

កីឡាករកាយវប្បកម្មកម្ពុជាធ្វើការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ នៅឥណ្ឌូណេស៊ី


ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាធ្វើការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសក្នុងការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី និងការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តិនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៥។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាធ្វើការហ្វឹកហាត់យ៉ាងសកម្មនេះដើម្បីត្រៀមខ្លួនបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មចំនួន ៤ រូប ទៅចូលរួមការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) នាពាក់កណ្តាលខែវិច្ឆិកានេះនៅកោះបាតាំ ប្រទេសឥណ្ឌូណេស៊ី ដោយមានរយៈមួយសប្តាហ៍។

លោកស្រី បានបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួតកម្រិតអន្តរជាតិសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជានឹងរៀបចំការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងប្រព្រឹត្តិនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅសាលដំបូលទូក របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូចនេះក្រុមកីឡាករចេញប្រកួតអម្រិតអន្តរជាតិមកហ្វឹកហាត់នៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី អេមី អគ្គលេខាធិការ បានបន្តថា ការចូលរួមប្រកួតអម្រិតអន្តរជាតិនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួល រ៉ាប់រងលើថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការ ក្នុងអំឡុងពេលប្រកួត ។ សហព័ន្ធបានធ្វើលិខិតសុំការអនុញ្ញាត ពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាមរយៈនាយកដ្ឋានកីឡាជំនាញ និង កីឡាមហាជន ។ រាល់ការចេញទៅប្រកួត ខាងក្រៅប្រទេស ក្នុងកម្រិតអន្តរជាតិនានា សហព័ន្ធតែងតែទទួលបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជាផ្លូវការ ៕


ដោយ៖លី ភីលីព

Most Popular

To Top