ព័ត៌មានអន្តរជាតិ

ឪពុកម្តាយជនជាតិអាមេរិក ដាក់ពាក្យបណ្តឹងក្រុមហ៊ុន Tesla ទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ បន្ទាប់ពីទ្វាររថយន្ត Tesla មានបញ្ហាធ្វើ ឲ្យកូនពួកគេជាប់គាំងក្នុងរថយន្ត

អាមេរិក៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ឪពុកម្តាយជនជាតិអាមេរិក បានដាក់ពាក្យបណ្តឹងទៅរដ្ឋ បាលសុវត្ថិភាព ចរាចរណ៍ផ្លូវហាយវេជាតិ ជុំវិញករណីកើនឡើងនៃបញ្ហាចំណុចទាញទ្វាររថយន្ត Tesla ជាប់គាំងទ្វារមិនឲ្យបើក ធ្វើឲ្យឪពុកម្តាយ និងកុមារជាប់គាំង ក្នុងយានយន្តនេះ។

អ្នកស៊ើបអង្កេត NHTSA កំពុងជំរុញឲ្យ Tesla ទទួលបានព័ត៌មានបន្ថែមអំពីបញ្ហានេះ ដោយអ្នកត្រួតពិនិត្យស្នើសុំឲ្យចូលមើលឯកសារផ្ទៃក្នុងនៅថ្ងៃទី ២៧ ខែតុលា ដើម្បីយល់ពីទំហំពេញលេញនៃបញ្ហានេះ ។ ការស៊ើបអង្កេតនេះបានចាប់ផ្តើមកាលខែកញ្ញា បន្ទាប់ពី NHTSA បានទទួលពាក្យបណ្តឹង អំពីចំណុចទាញទ្វាររបស់ក្រុមហ៊ុន Tesla ដែលបរាជ័យក្នុងការដំណើរការ។

នេះបើយោងតាមរបាយការណ៍របស់ Carscoops បាននិយាយថា បញ្ហានេះត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្លាក់ចុះនៃវ៉ុលអាគុយ ១២ វ៉ុល បានរារាំងទ្វារខាងក្រោយពីការបើកក្នុងរថយន្ត SUV Model Y របស់ Tesla។ ចាប់តាំងពីការប្រកាសពីការស៊ើបអង្កេតមក ពាក្យបណ្តឹងបានកើនឡើងពី ៩ ទៅ ១៦ ដោយមានរឿងរ៉ាវជាច្រើនដែលរៀបរាប់ពីគ្រាដ៏លំបាក នៅពេលឪពុកម្តាយជាប់គាំង ជាមួយកូនៗរបស់ពួកគេក្នុងរថយន្តក្តៅ។

កាសែត Los Angeles Times បានរាយការណ៍ថា ឪពុកម្តាយម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា បានរំលឹកថា ខ្លួនបានជាប់គាំងអស់រយៈពេល ៣០ នាទី ដ៏ឈឺចាប់ក្នុងរថយន្ត Model Y ជាមួយកូនប្រុសទើបនឹងកើតរបស់ពួកគេ។ ចំណុចទាញទ្វារអេឡិចត្រូនិចរបស់រថយន្តមិនអាចបើកបានទេ ហើយក្រុមគ្រួសារត្រូវរង់ចាំឡាន សណ្តោងដើម្បីបញ្ឆេះអាគុយ។

ឧប្បត្តិហេតុមួយទៀតនៅ Coral Springs រដ្ឋ Florida ពាក់ព័ន្ធនឹងឪពុកម្តាយម្នាក់ដែលមិនអាចចូលទៅដល់រថយន្តរបស់ពួកគេបានបន្ទាប់ពីថ្មរថយន្តអស់ ដោយទុកកូនតូចរបស់ពួកគេ ឱ្យជាប់នៅក្នុងកៅអីរថយន្តនៅខាងក្នុង ដោយសារសីតុណ្ហភាពឡើងដល់ ២៧ អង្សាសេ ឪពុកម្តាយមិនមានជម្រើស អ្វីក្រៅពីទូរស័ព្ទទៅ ៩១១ ដើម្បីសុំជំនួយនោះទេ ៕

Most Popular

To Top