ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករចំនួន ៣ នាក់ របស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដំណើរចេញពីប្រទេសឆ្ពោះទៅប្រទេស ឥណ្ឌូនេស៊ី ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអត្តពលកម្មជើងឯក យុជនអាយុក្រោម ១៨ឆ្នាំ និង២០ ឆ្នាំ “Th SEA U18 & U20 Athletics Championships 2025” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី។
លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គ្រូបង្វឹក និងកីឡាករចំនួន ៣ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជើងឯកយុជនអាយុក្រោម ១៨ ឆ្នាំ និង២០ ឆ្នាំ “Th SEA U18 & U20 Athletics Championships 2025” រួមមាន លោក រ័ត្ន សុជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាករ ខន សង្ហា កីឡាករជម្រើសជាតិ និងកីឡាករ ស្រី ខាត់រាជមុនី កីឡាករសហព័ន្ធ។

លោកអគ្គលេខាធិការ បានបន្តថា អ្វីជាក្តីរំពឹងរបស់សហព័ន្ធ គឺកីឡាករ កីឡាការិនី នឹងធ្វើបានល្អ ជាពិសេសអាច បំបែកគុណ ផលបច្ចេកទេសរបស់ពួកគាត់ ដែលប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ដូចជាកំណត់ត្រាប្រកួតស៊ីហ្គេម និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត ។ យើងដឹងហើយថា នេះជាការប្រកួតកម្រិតយុវជនក៏មានការចូលរួម ពីអត្តពលិកខ្លាំងមកពីប្រទេសច្រើនដែរ។

ពួកគេបានធ្វើការហ្វឹកហាត់ក្នុងការត្រៀម ចូលរួមប្រកួតកីឡានេះ គឺជាការវាស់ស្ទង់នូវកម្រិត បច្ចេកទេស បន្ថែមទៀត ហើយក៏នឹងធ្វើឲ្យកីឡាករ កីឡាការិនី អត្តពលកម្មកម្ពុជា កាន់តែមានបទពិសោធ ប្រកួតជាមួយអត្តពលិក កម្រិតអន្តរជាតិឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការត្រៀមខ្លួនការប្រកួតអត្តពលកម្ម ជើងឯកអន្តរជាតិនានា នាខាងមុខផងដែរ ៕
