កីឡា

ម៉ាឡេស៊ី នៅតែរក្សាមហិច្ឆតា ក្នុងព្រឹត្តិការណ៍ World Cup ទោះបីជាមានការដាក់ទណ្ឌកម្មពី FIFA ក៏ដោយ

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវរយៈពេល ១២ ឆ្នាំ ដើម្បីធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ ក្លាយជាក្រុមលំដាប់ពិភពលោក ដែលចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីឆ្នាំ ២០៣០ ទោះបីជាប្រឈមមុខនឹងទណ្ឌកម្មពី FIFA លើការក្លែងបន្លំឯកសារ សម្រាប់កីឡាករចំនួន៧នាក់ បានចូលសញ្ជាតិក៏ដោយ។

ការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សភានៅថ្ងៃទី ១០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោកស្រី Hannah Yeoh បាននិយាយថា រដ្ឋាភិបាលកំពុងប្រកាន់ខ្ជាប់នូវផែនការរយៈពេលវែងរបស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ដែលមានឈ្មោះថា F:30។

យោងតាមរដ្ឋមន្ត្រីបានបន្តថា ផែនទីបង្ហាញផ្លូវរយៈពេល ១២ ឆ្នាំត្រូវបានបែងចែកជា៣ ដំណាក់កាលជាយុទ្ធសាស្ត្រ។ ដំណាក់កាលទីមួយ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ផ្តោតលើការបង្កើតមូលដ្ឋានគ្រឹះរឹងមាំក្នុងការគ្រប់គ្រង ការប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។

ដំណាក់កាលទី២ ដោយលាតសន្ធឹងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ មានគោលបំណងឲ្យក្រុមប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនៅកម្រិតអាស៊ី ខណៈដំណាក់កាលចុងក្រោយ ចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៣០ ផ្តោតលើការបង្កើតក្រុមជម្រើសជាតិលំដាប់ពិភពលោកពិតប្រាកដ។

នេះបើយោងតាមការដកស្រង់សម្តី លោកស្រីរបស់ Scoop បាននិយាយថា បន្ទាប់ពីគម្រោង F:30 គោលដៅរយៈពេលវែង គឺប្រែក្លាយប្រទេសម៉ាឡេស៊ី ទៅជាប្រទេសមួយដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក “World Cup” ក្នុងរយៈពេល ៦ ទៅ ១០ ឆ្នាំខាងមុខ ។

កិច្ចខិតខំប្រឹងប្រែងនឹងផ្តោត លើការកំណត់គោលដៅចូលរួមព្រឹត្តិការណ៍ World Cup ឲ្យបានច្បាស់លាស់ និងបណ្តុះកីឡាករជំនាន់ក្រោយៗទៀត។ យើងនឹងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអង្គការ បង្កើនឥទ្ធិពលអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី កែលម្អចំណាត់ថ្នាក់ FIFA និងអនុវត្តការស្រាវជ្រាវ និងនវានុវត្តន៍ជាបន្តបន្ទាប់ ៕

Most Popular

To Top