កីឡា

អរពអរសាទរ កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ ឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតជើងឯកពិភពលោកនៅឥណ្ដូណេស៊ី

ឥណ្ដូណេស៊ី៖ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក បានប្រាប់តាមអនឡាញពីឥណ្ដូណេស៊ី ឲ្យដឹងថា កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ របស់កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសា កម្ពស់ 1.80 Cm ទម្ងន់ធ្ងន់ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONS HIPS) នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ សរុប៤ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) ដែលបានចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមមាន លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងកីឡាករ តាំង សំបូរ ក្រោមការអនុញ្ញាតជាគោលការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីបានបញ្ជាក់ថា កីឡាករម្នាក់អាចចូលរួមប្រកួតតែ ១ វិញ្ញាសាប៉ុណ្ណោះ ដោយអាស្រ័យលើទម្ងន់បូកកម្ពស់របស់កីឡាករ។ បន្ថែមពីលើនេះ លោកលើកឡើងថា ដោយសារតែប្រភេទកីឡាកាយវប្បកម្មប្រឈមមុខខ្លាំងជាមួយនឹងប្រភេទសារធាតុហាមឃាត់ក្នុងវិស័យកីឡា «ដូប៉ា ឬដូពីង»។

ប៉ុន្តែចំពោះកីឡាករក្រោមការមើលថែគ្រប់គ្រងរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺដាច់ខាតមិនអនុញ្ញាតឲ្យកីឡាករណាម្នាក់ប្រើប្រាស់សារធតុហាមឃាត់ក្នុងវិស័យកីឡានេះនោះទេ ដោយសហព័ន្ធមានវិធានការច្បាស់លាស់ ក្នុងការត្រួតពិនិត្យ ដើម្បីកិត្តិយសរបស់កីឡាករ សហព័ន្ធ ក៏ដូចជាជាតិទាំងមូលផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top