វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតអភិបាលរងខេត្តម្នាក់នៅភាគខាងជើងប្រទេសវៀតណាមត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និង ៦ ខែពីបទលេងល្បែងស៊ីសងខុសច្បាប់ចាញ់លុយអស់ចំនួន ៧ លានដុល្លារនៅកាស៊ីណូហាណូយ។
លោក Ho Dai Dung អតីតអភិបាលរងខេត្ត Phu Tho គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៤១ នាក់ត្រូវបានកាត់ទោសក្នុងសវនាការកាលពីថ្ងៃពុធនៅតុលាការប្រជាជនហាណូយ។ មនុស្ស ១៣៦ នាក់ពីបទលេងល្បែងស៊ីសងចាញ់លុយអស់សរុបចំនួន ១០៧ លានដុល្លារ និង ៥ នាក់ពីបទរៀបចំល្បែងស៊ីសង ដែលបានធ្វើឡើងនៅកាស៊ីណូ King Club ក្នុងសណ្ឋាគារ Pullman។
អ្នករៀបចំកម្មវិធីរួមមានជនជាតិកូរ៉េខាងត្បូង ៣ នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ៤ ឆ្នាំ។ លោក Bui Van Huynh គឺជាអ្នកលេងល្បែងស៊ីសងធំជាងគេ ដោយបានដាក់ភ្នាល់ចំនួន ១៦.៣ លានដុល្លារ ហើយលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និង៦ ខែ និងត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន ៥០ លានដុង (១,១៨៩០ដុល្លារអាមេរិក)។
លោក Vu Phong ដែលភ្នាល់ទឹកប្រាក់ចំនួន ១០.៧ លានដុល្លារអាមេរិក ត្រូវបានកាត់ទោសដូចគ្នា។ តារាចម្រៀង Nguyen The Vu ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ពីបទលេងល្បែងស៊ីសងចំនួន ៤.៣៧ លានដុល្លារ ជាចំនួនខ្ពស់បំផុតទី៥ ក្នុងបញ្ជី។ ក្នុងចំណោមអ្នកត្រូវបានកាត់ទោស មនុស្សចំនួន ៦០ នាក់ត្រូវបានផ្តល់ទោសព្យួរ ខណៈ ៤០ នាក់ត្រូវបានដោះលែងជាមួយនឹងការពិន័យ។
ដោយពន្យល់ពីការកាត់ទោស តុលាការបាននិយាយថា ជនជាប់ចោទដែលលេងល្បែងស៊ីសងក្នុងចំនួនទឹកប្រាក់ច្រើនហួសហេតុ ឬមានប្រវត្តិឧក្រិដ្ឋកម្មមិនល្អ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ក្លឹប King Club ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Viet Hai Dang ហើយបានជួលទៅឲ្យបុរសជនជាតិកូរ៉េខាងត្បូងឈ្មោះ Kim In Sung ឆ្នាំ ២០១៩។ លោក Kim បានជួលអ្នកគ្រប់គ្រង និងបុគ្គលិកជនជាតិកូរ៉េខាងត្បូង ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមលេងល្បែងនៅទីនោះ ទោះបីជាកាស៊ីណូនេះមានអាជ្ញាប័ណ្ណសម្រាប់តែអ្នកលេងល្បែងបរទេសក៏ដោយ។
ជនជាតិវៀតណាមត្រូវបានផ្តល់ឈ្មោះ និងកាតសមាជិកបរទេសឲ្យលេងស្លត រ៉ូឡែត និងបាការ៉ាត់។ កាស៊ីណូនេះបានផ្តល់ការផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកលេងល្បែងដូចជាការផ្តល់រង្វាន់ចំនួន ១០,០០០ ដុល្លារដល់អ្នកឈ្នះកំពូលទាំង ២០ នាក់នៃសប្តាហ៍។
នាយកប្រតិបត្តិ ២ នាក់របស់ក្រុមហ៊ុន Viet Hai Dang គឺលោក Phan Truong Giang និងលោក Nguyen Dinh Lam បានជួយអ្នកគ្រប់គ្រងជនជាតិកូរ៉េក្នុងការគេចវេសពីការរកឃើញ។ លោក Giang ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ ខែ ខណៈលោក Lam បានទទួលទោសព្យួររយៈពេល៣ឆ្នាំ។
ក្នុងចំណោមប្រាក់ ១០៧ លានដុល្លារដែលពួកគេបានលេងល្បែង អ្នកលេងបានឈ្នះមកវិញត្រឹមតែ ០.២២ភាគរយប៉ុណ្ណោះ។ អាជ្ញាធរបានកំណត់អត្តសញ្ញាណលោក Kim ជាមេខ្លោង ហើយជឿថា លោករកបាន ៩.២ លានដុល្លារ ប៉ុន្តែលោកបានចាកចេញពីប្រទេសវៀតណាមមុនពេលប៉ូលីសរកឃើញសកម្មភាពខុសច្បាប់៕
