ព័ត៌មានអន្តរជាតិ

បម្រាមគោចរថ្មីសម្រាប់គ្រឿងស្រវឹងពាក់កណ្តាលអធ្រាត្ររបស់ប្រទេសថៃ ទទួលរងការរិះគន់អ្នកទេសចរ និងពាណិជ្ជករក្នុងប្រទេស

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការពិន័យថ្មីជាទឹកប្រាក់ចំនួន១០,០០០ បាត ស្មើនឹង៣០០ ដុល្លារអាមេរិករបស់ប្រទេសថៃ ចំពោះការផឹកស្រា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ បានបង្កឲ្យមានប្រតិកម្មពីអ្នកទេសចរ និងអ្នកស្ថិតក្នុងឧស្សាហកម្ម ដោយអ្នកទេសចរនិយាយថា វាគំរាមកំហែងដល់សេដ្ឋកិច្ចពេលយប់។

ច្បាប់ថ្មីមួយដែលចូលជាធរមាននៅថ្ងៃទី ៨ ខែវិច្ឆិកា ហាមឃាត់ការផឹកស្រានៅទីតាំងដែលមានអាជ្ញាប័ណ្ណ និងកន្លែងពាណិជ្ជកម្ម រវាងម៉ោងពាក់កណ្តាលអធ្រាត្រ និងម៉ោង ១១ ព្រឹក និងចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច។

នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ថា អ្នកទេសចរបរទេសបានបង្ហោះសារបណ្តាញសង្គមជាមួយនឹងការរិះគន់ចំពោះច្បាប់នេះ ដោយហៅវា ថា “មិនសមហេតុផល និងរឹតត្បិត” ហើយអ្នកខ្លះនិយាយថា ពួកគេនឹងជៀសវាងប្រទេសថៃ ដើម្បីពេញចិត្តនឹងគោលដៅទេសចរណ៍ក្បែរៗផ្សេងទៀត ដែលមានច្បាប់គ្រឿងស្រវឹងធូរស្រាលជាងនេះ។

អ្នកប្រើប្រាស់អ៊ីនធើណេតម្នាក់បាននិយាយថា ប្រទេសថៃនិយាយថា ខ្លួនត្រូវការភ្ញៀវទេសចរបន្ថែមទៀត ប៉ុន្តែគោលនយោបាយថ្មីនេះនឹងមានផលប៉ះពាល់ផ្ទុយពីនេះ វាផ្តល់ឲ្យអ្នកទេសចរនូវហេតុផលជាច្រើនដើម្បីជ្រើសរើសប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតជាមុនសិន ។

ម្នាក់ទៀតបាននិយាយថា នៅពេលដែលអ្នកទេសចរដឹងថា ពួកគេមិនអាចផឹកស្រាបៀរត្រជាក់នៅលើឆ្នេរនៅពេលក្តៅបំផុតនៃថ្ងៃបានទេ ពួកគេនឹងមិនគិតពីប្រទេសថៃទេ។ អ្នកទេសចរទីបីបានសរសេរថា អ្នកទេសចរកំពុងសម្រុកទៅប្រទេសវៀតណាមរួចទៅហើយ។

នេះបើយោងតាមការចុះផ្សាយរបស់ Reuters បាននិយាយថា ច្បាប់ថ្មីនេះកើតឡើង នៅពេលសេដ្ឋកិច្ចរបស់ប្រទេសថៃពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ បានទទួលភ្ញៀវទេសចរត្រឹមតែ ២៦.២ លាននាក់នៅឆ្នាំនេះ ដែលជាការធ្លាក់ចុះ ៧.២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

Most Popular

To Top