កីឡា

លោក ដួង មាសចំរើន ៖ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងបច្ចេកទេស ដល់លោកគ្រូ អ្នកគ្រូអប់រំកាយ និងកីឡា និងមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត

កំពង់ឆ្នាំង៖លោក ដួង មាសចំរើន អគ្គនាយករងដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោកប្រធានមន្ទីរ អប់រំ យវុជន និងកីឡា ព្រមទំាងសមាជិកប្រតិបត្តិសហព័ន្ធ គ្រូបង្វឹក គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម លោកគ្រូ អ្នកគ្រូនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអត្តពលកម្មកម្រិតមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាព និងបន្ថែម ចំណេះដឹងបច្ចេកទេស ដល់លោកគ្រូ អ្នកគ្រូអប់រំកាយ និងកីឡា និងមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ដើម្បីអាចអនុវត្តន៍ការបង្វឹក និងរៀបចំការប្រកួតកីឡាអត្តពលកម្មឱ្យបានប្រសើរជាងមុន។ រយៈពេលបណ្តុះបណ្តាល លោកគ្រូអ្នកគ្រូទាំងអស់បានទទួលការបង្ហាត់បង្ហាញពីទ្រឹស្តី និងអនុវត្តន៍ទាក់ទងនឹងការបង្វឹកអត្តពលិកក្មេងៗ និងយុវជនការរៀបចំកម្មវិធីប្រកួត ការវាស់វែងលទ្ធផល ការផ្តល់សុវត្ថិភាពក្នុងការហាត់ប្រាណ លេងកីឡា និងការបង្កើនចំណេះដឹងអំពីគោលការណ៍មូលដ្ឋាន ស្តីពី “កីឡាអត្តពលកម្ម”។

អគ្គនាយករងដ្ឋានកីឡា បានបន្តថា ខ្ញុំជឿជាក់ថា ការទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ក្នុងវគ្គនេះ នឹងជួយជំរុញ ឲ្យលោកគ្រូ អ្នកគ្រូ និងមន្ត្រីបច្ចេកទេសទាំងអស់ មានសមត្ថភាពខ្ពស់ជាងមុនក្នុងការអភិវឌ្ឍកីឡា អត្តពលកម្មនៅតាមសាលាចំណេះទូទៅ និងសហគមន៍។ វាគឺជាជំហានសំខាន់មួយក្នុងការបង្កើតគ្រឹះ សម្រាប់ការអភិវឌ្ឍកីឡានៅកម្រិតមូលដ្ឋាន ដែលនាំឲ្យមានការរីកចម្រើនដល់កីឡាអត្តពលកម្មជាបន្ត បន្ទាប់។

ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានផ្តល់ការគាំទ្រថវិកា មន្ទីរអប់រំ យុវជន និងកីឡា សម្រាប់កិច្ចសហការរៀបចំ ដៃគូអភិវឌ្ឍន៍ និងសមាគមកីឡាអត្តពលកម្មពិភពលោក ដែលបានជួយឧបត្ថម្ភ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ឲ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយជោគជ័យ៕

ដោយ៖លី ភីលីព

Most Popular

To Top