កីឡា

សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបើកកម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម តាមរយៈការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយករងដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកកម្មវិធីការអភិវឌ្ឍកីឡាអន្តពលកម្ម តាមរយៈការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន នៅកម្ពុជា នៅខេត្តកំពង់ឆ្នាំង។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដែលបានចូលរួម ជាអធិបតីក្នុងឧិកាសនៃពិធី «បើក» កម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្មតាមរយៈការប្រកួតកីឡា អត្តពលកម្ម កុមារ និងយុវជន នៅកម្ពុជានេះ។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសសើរដ៏ស្មោះ ចំពោះកិច្ចសហការរបស់មន្ទីរ អប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យកិច្ចដំណើរការ ការប្រកួតនេះប្រព្រឹត្ត ទៅបាន និងសូមអរគុណនិងកោតសរសើរចំពោះប្រតិភូ គ្រូបង្វឹក និង ក្មួយៗសិស្សានុសិស្ស ជាកីឡាករ កីឡាការិនី ទាំងអស់ដែលបានចូលរួម គោលបំណងដើម្បីលើកកម្ពស់កីឡាអត្តពលកម្មក្នុងចំណោម កុមារ និងយុវជននៅកម្ពុជា នាឱកាសនេះ ។

ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានបន្តថា នេះជាលើកទី១ និងគំនិតផ្តួចផ្តើមដំបូង ហើយក៍ជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍ ធនធានមនុស្សជំនាន់ក្រោយតាមរយៈកីឡា។ ឆ្នាំ២០២៥នេះ និងឆ្នាំខាងមុខ យើងនឹងចូលរួមជាមួយ មន្ទីរអប់រំ យុវជន រាជធានី ខេត្ត សិស្សានុសិស្សមកអនុវិទ្យាល័យ និងសាលាបឋមសិក្សាមួយចំនួន នៅទូទាំងខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ ដោយផ្តល់ឱកាសសម្រាប់កុមារ និងយុវជន ដែលមាន អាយុចន្លោះពី ៦ឆ្នាំ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមក្នុងការប្រកួតកីឡា និងសកម្មភាពកីឡា។

សមាសធាតុសំខាន់នៃកម្មវិធីនេះផងដែរ គឺសហព័ន្ធនឹងធ្វើការបណ្តុះបណ្តាលគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសមួយចំនួន ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងណែនាំអត្តពលិកវ័យ ក្មេង និងយុវជនរបស់យើង។ តាមរយៈការប្តេជ្ញាចិត្តរបស់ពួកគេ យើងនឹងពង្រឹងបាននូវការអភិវឌ្ឍ អត្តពលិក និងធានាថាកុមារ និងយុវជនទទួលបានការបណ្តុះបណ្តាល និងលេងកីឡាដែលមានគុណភាព និងជាឱកាសក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដើម្បីភាពរីកចម្រើន និងមានឧត្តមភាព ថ្នាក់ខេត្តពិតប្រាកដ។

ដោយមានការគាំទ្រពីសប្បុរសជន ដៃគូផ្តល់មូលនិធិ គម្រោងនេះនឹងផ្តល់ការគាំទ្រយ៉ាង ទូលំទូលាយ រួមទាំងការធ្វើដំណើររបស់បុគ្គលិក ការដឹកជញ្ជូនសម្រាប់អត្តពលិកជាសិស្សានុសិស្ស ការបណ្តុះបណ្តាលគ្រូបង្វឹក ការគ្រប់គ្រងការប្រកួត ឧបករណ៍កីឡា ការជួសជុល និងការតុបតែងទីកន្លែង និងមេដាយ និងពានរង្វាន់។ ការវិនិយោគទាំងនេះនឹងជួយបង្កើតកម្មវិធីអត្តពលកម្មនេះកាន់តែរស់រវើក រួមបញ្ចូល និងប្រកបដោយចីរភាព ដែលបម្រើទាំងសាលារៀន និងសហគមន៍ក្នុងខេត្តផងដែរ។

លោកអគ្គនាយករងបានបញ្ជាក់ថា ក្រៅពីការប្រកួតប្រជែង និងសកម្មភាពកីឡា គំនិតផ្តួចផ្តើមនេះបង្ហាញពីចក្ខុវិស័យទូលំ ទូលាយជាងមុន៖ ដើម្បីលើកកម្ពស់សុខភាពរាងកាយ ការធ្វើការជាក្រុម និងវិន័យក្នុងចំណោមកុមារ និងយុវជន ព្រមទាំងដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដែលជាការចូលរួមចំណែកដល់ការ អភិវឌ្ឍរយៈពេលវែងនៃអត្តពលកម្មនៅកម្ពុជា។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ អ្នកផ្តល់ជំនួយឧបត្ថម្ភ និងដៃគូពាក់ព័ន្ធទាំងអស់ដែលផ្តល់កិច្ចសហការ និងការគាំទ្រ ធ្វើឱ្យគំនិតផ្តួចផ្តើម នៃកម្មវិធីនេះអាចធ្វើទៅបាន។ សង្ឈឹមថាកម្មវិធីនេះនឹងកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានមោទនភាពជាតិ និងឧត្តមភាពតាមរយៈកីឡា៕

ដោយ៖លី ភីលីព

Most Popular

To Top