កីឡា

ក្រុមបាល់ទាត់ហ្វូតសាល The JEK.FT គ្រង់តំណែងជើងឯកនៃការប្រកួតពានរង្វាន់ CamEd Men’s Futsal Tournament 2025

ភ្នំពេញ៖ ក្រុមបាល់ទាត់ហ្វូតសាល The JEK.FT គ្រង់តំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025) រដូវកាល ២០២៥ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់ហ្វូតសាល Royal D ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ Platinum Sport Club (ជ្រោយចង្វារ) ដែលរៀបចំដោយវិទ្យាស្ថាន ខេមអេដ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025) រដូវកាល ២០២៥ នៅ Platinum Sport Club (ជ្រោយចង្វារ)។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd បានលើកឡើងថា ការបញ្ជូនកីឡាក្នុងឧត្តសិក្សាគឺសំខាន់សម្រាប់ឲ្យសិស្សានុសិស្សចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ភាធ ខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការងារ និងទទួលបានបទពិសោធន៍ការប្រកួត និងការផលិតធនធានកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡានានា តាមរយៈការរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺ ជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយ សហព័ន្ធកីឡាជាតិនានា។

បើទោះបីជា ខេមអេដ ផ្តោតលើ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្តី ក៏តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឱ្យក្រុមកីឡារិនីជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ។

ចំណែកក្រុមបាល់ទាត់ហ្វូតសាល Centurion ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ហ្វូតសាល Valhalla FT ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង២ នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025)៕

ដោយ៖ លី ភីលីព

Most Popular

To Top