ភ្នំពេញ ៖ កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ យល់ឃើញថា ការដណ្តើម បានមេដាយសំរឹទ្ធ១គ្រឿង ក្នុងការប្រកួតកីឡា កាយវប្បកម្មជើងឯក ពិភពលោក នៅប្រទេសឥណ្ដូណេស៊ី ឆ្នាំ២០២៥ គឺគ្រប់គ្រាន់សម្រាប់ខ្លួនឯង ដោយសារការចេញ ទៅប្រជែងមេដាយជូនជាតិលើកនេះ ស្រ៊ិន រាជ្យ ស្ទើរទម្ងន់ ដោយចាញ់ទម្ងន់ រហូតដល់៥គីឡូក្រាម ។

ការគូសបញ្ជាក់របស់ ម្ចាស់មេដាយសំរឹទ្ធរូបនេះ ធ្វើឡើង ក្នុងឱកាសវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ កីឡាករ ស្រ៊ិន រាជ្យ លើកឡើងថា ការដណ្តើមបានចំណាត់ ថ្នាក់លេខ៣ បែបនេះ គឺ ស័ក្តិសមអាចទទួលយកបាន ហើយជាគោលដៅបន្ទាប់ នឹងត្រូវហ្វឹកហាត់កែលម្អ នូវចំណុចខ្វះខាតរបស់ខ្លួន សម្រាប់ការប្រកួតអន្តរជាតិ នៅឆ្នាំក្រោយៗទៀត។

កីឡាករ ស្រ៊ិន រាជ្យ គូសបញ្ជាក់ថា ចំពោះការចូលរួមប្រកួតជើងឯក ពិភពលោកឆ្នាំ២០២៥នេះ គឺបណ្តាប្រទេសនានា ចូលរួមប្រកួតភាគច្រើន បានបញ្ជូនកីឡាករថ្មីៗ ជាពិសេសក្នុងប្រភេទវិញ្ញាសាដែល ស្រ៊ិន រាជ្យ ប្រកួតលើវិញ្ញាសា Sport Model កម្ពស់ ១,៨០ម៉ែត្រឡើង។ ស្រ៊ិន រាជ្យ បន្ថែមថា មូលហេតុដែលខ្លួនដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងនេះ គឺដោយសារតែការបង្ហាញបានល្អ បើទោះបីជាសាច់ដុំខ្លួនឯងមិនបានល្អដូចកីឡាករដទៃក៏ពិតមែន ពោលគឺចំណុចខ្លះ យើងចាញ់គេ ប៉ុន្តែចំណុចផ្សេងៗទៀតយើងល្អ ដូចជាការបង្ហាញ ការឈរ៤ទិស Free Style ជាដើម។

ម្ចាស់មេដាយសំរឹទ្ធរូបនេះ កត់សម្គាល់ថា បណ្តាប្រទេសចូលរួមសរុប៤១ប្រទេស បានបញ្ជូនកីឡាករចូលរួម ប្រជែងជាច្រើននាក់ ប៉ុន្តែកម្ពុជា បានបញ្ជូនតែកីឡាករ ២នាក់ប៉ុណ្ណោះ ដោយសារតែលទ្ធភាពរបស់សហព័ន្ធ ដោយមិនមានការ ជួយឧបត្ថម្ភគាំទ្រថវិកាពីខាងណានោះទេ ពោលគឺលុយ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ហើយធ្វើសាច់ត្រៀម ការប្រកួតត្រូវចាយលុយខ្លួនឯង ដូច្នេះមិនអាចបញ្ជូនកីឡាករ ចូលរួមប្រកួតបានច្រើននាក់នោះទេ ដោយសូម្បីតែ១វិញ្ញាសា ដែលចូលរួមប្រកួតត្រូវបង់សិទ្ធិប្រកួត តម្លៃ១ពាន់ដុល្លារ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកកីឡា កាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONS HIPS) នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី នេះ គឺសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ សរុប ៤ នាក់ចូលរួម គឺលោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងកីឡាករ តាំង សំបូរ ក្រោមការអនុញ្ញាតជាគោលការណ៍ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ៕
