កីឡា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំកកម្ពុជា បើកការប្រកួតកីឡា ស៉្បេស្យាល់អូឡាំពិក ថ្នាក់ជាតិឆ្នាំ២០២៥ និងវេទិកាអប់រំសុខភាព អាណាព្យាបាលនៅភ្នំពេញ

ភ្នំពេញ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោក តែម ម៉ឺន អគ្គលេខាធិការរងតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ ចូល រួមពិធីបើកការប្រកួតកីឡាស៉្បេស្យាល់ អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៥ និងវេទិកាអប់រំសុខភាព អាណាព្យាបាលក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ ។

លោក សែម សុខា បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាម លោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ជាតិឆ្នាំ២០២៥ និងវេទិកាអប់រំ សុខភាពអាណាព្យាបាល នាពេលនេះ ។ ការរៀបចំកកម្មវិធីនេះ ដើម្បីរួមចំណែក និង លើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាល គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ចលនា កីឡាស្ប៉េស្យាល់អូឡាំពិក ទាំងការហ្វឹកហាត់ និងការបណ្តុះ បណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃ ប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណង ផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាព ដល់ពួកគាត់ ។

លោកអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា បានបន្តថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ម៉្យាងវិញទៀត គណៈកម្មាធិការ បានបន្តជំរុញ និងចូលរួម សហការ ជាមួយអង្គការដៃគូ ពាក់ព័ន្ធនានា ដែលបានជួយ ដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ ឱកាសដល់ក្មួយៗ បានហ្វឹកហាត់និងចូលរួមប្រកួតកីឡា ដូចជនមានពិការ ភាពដទៃៗទៀត និងជនមិនមាន ពិការភាពផងដែរ ។ ទាំងនេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព គ្រប់ប្រភេទ និងជាការរួមចំណែក ក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន ពិការកម្ពុជា។ មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានជួយជំរុញ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនា កីឡាស្ប៉េស្យាល់អូឡាំពិក នៅកម្ពុជាជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បាន ហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែល គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា​ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ និងវេទិកាអប់រំសុខភាពអាណាព្យបាល ក្នុងគោលបំណងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី រាជធានី ខេត្ត បានជួបជុំគ្នា ប្រកួតប្រជែងលើវិញ្ញាសាកីឡាប៊ូល បាល់ទាត់ និងអត្តពលកម្ម ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ ដោយមានវេជ្ជបណ្ឌិត ជួយធ្វើការណែនាំ អប់រំពីរបៀបថែទាំសុខភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ របស់អាណាព្យាបាល និង ប្អូនៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ។ ការប្រកួតមិនមែនដើម្បីជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក។

Most Popular

To Top