កីឡា

លោក វ៉ាត់ ចំរើន កោតសរសើរចំពោះនាយកដ្ឋាន កីឡាជំនាញនិងកីឡាមហាជន និងមន្ត្រីក្រោមឱវាទទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំឲ្យមានវគ្គនេះ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដា្ឋនកីឡាជំនាញ និងកីឡាមហាជននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើលវគ្គបំប៉នសមត្ថភាព មន្ត្រីសហព័ន្ធកីឡាជាតិស្តីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ សាលប្រជុំនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ពហុកីឡដ្ឋានជាតិដែលមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ប៉ែន វុទ្ធី ប្រធាននាយកដា្ឋនកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា កំពុងរៀបចំវគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិស្តីពីការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងការផ្សព្វផ្សាយពី និយាមវាយតម្លៃសហព័ន្ធកីឡាជាតិ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនចំណេះដឹង សមត្ថភាព និងជំនាញបច្ចេកទេសរបស់ មន្ត្រីសហព័ន្ធកីឡាជាតិ ក្នុងការគ្រប់គ្រង ការរៀបចំ និងអភិវឌ្ឍវិស័យកីឡា ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។ ការបណ្តុះបណ្តានេះក៏មានគោលបំណងបង្កើតបណ្តាញសហការណ៍រវាងសហព័ន្ធកីឡាជាតិផ្សេងៗ និងជំរុញឱ្យមានការចែករំលែកបទពិសោធន៍អភិវឌ្ឍកីឡាក្នុងប្រទេសកម្ពុជា។

លោក ប្រធាននាយកដា្ឋនកីឡាជំនាញ បានបន្តថា ការរៀបចំវគ្គបំប៉ននេះនឹងត្រូវដំណើរការចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានជាតិ ។ សិក្ខាកាមចូលរួមអញ្ជើញមកពី៥១សហព័ន្ធកីទ ជាតិដែលបានទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២៥នេះ។ សហព័ន្ធកីឡាជាតិមួយត្រូវចាត់ញូញមន្ត្រីពីរនាក់ឱ្យចូលរួមដោយមានម្នាក់ជាអ្នកទទួលខុសត្រូវលើផ្នែករដ្ឋបាល និងម្នាក់ទៀតជាអ្នកទទួលខុសត្រូវ ផ្សែងហិរញ្ញវត្ថុ។ សម្រាប់ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសហព័ន្ធកីឡាជាតិចូលរួមចំនួន២៥ ដែលម សិក្ខាកាមចំនួន៥០នាក់ និងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសហព័ន្ធកីឡាជាតិចូលរួមចំនួន២៦ ខែមានសិក្ខាកាមចំនួន៥២នាក់ ហើយសរុបសិក្ខាកាមទាំងអស់ចំនួន១០២នាក់។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ខ្ញុំសូមធ្វើការកោតសរសើរចំពោះនាយកដ្ឋាន កីឡាជំនាញនិងកីឡាមហាជន និងមន្ត្រីក្រោមឱវាទទាំងអស់ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់រៀបចំឲ្យមានវគ្គនេះ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា។

ការរៀបចំវគ្គបំប៉នសមត្ថភាពដល់មន្ត្រីសហព័ន្ធកីឡាជាតិ លើការងាររដ្ឋបាល និងហិរញ្ញវត្ថុនេះ ដោយអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋាន កីឡាជំនាញនិងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា និងការអនុញ្ញាតជា គោលការណ៍របស់ ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡា។

លោករដ្ឋលេខាធិការក្រសួងអប់រំបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាព របស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិ ` និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ការរៀបចំការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្ស ការកែលម្អ កីឡាមានការប្រែប្រួល និងទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានា៕

ដោយ៖ លី ភីលីព

Most Popular

To Top