កីឡា

លោក យី វាសនា ៖ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា តែងតែវិនិយោគ ធនធានមនុស្ស តាមរយៈការបញ្ជូន ឲ្យទៅសិក្សាក្រៅប្រទេសបន្ថែម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតែងតែវិនិយោគ ធនធានមនុស្ស ដោយក្រៅពីការបញ្ជូនកីឡាករ កីឡាការិនីចេញទៅចូលរួម ប្រកួតអន្តរជាតិ គឺយើងតែងតែបញ្ជូនមន្ត្រី ទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិផ្សេងៗ នៅក្រៅប្រទសជាបន្តបន្ទាប់ ។

នេះជាការលើកឡើង របស់លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា លើកឡើងថា ក្នុងឱកាសដែលលោកអញ្ជើញ ទទួលដំណើរមកដល់របស់មន្ត្រីរបស់ខ្លួន មកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក យី វាសនា មានប្រសាសន៍ថា កាលពីខែមុននេះ អគ្គលេខាធិការរងខ្លះ បានចេញទៅសិក្សាផ្នែកវាយតម្លៃប្រភេទពិការ នៅប្រទេសអាល្លឺម៉ង់។ ពេលនេះ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនធនធានមនុស្សវ័យក្មេង ដែលជាអគ្គលេខាធិការរង គ្រូបង្វឹក មន្ត្រី ពេទ្យព្យាបាល ដោយចលនាទៅ ចូលរួមសិក្សាវគ្គបណ្តុះបណ្តាលអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីបានសិក្សាស្វែងយល់ ដកពិសោធន៍ ទំនាក់ទំនង កិច្ចសហការជាមួយអន្តរជាតិ ឱ្យបានកាន់តែច្រើន ក្រោមការរៀបចំរបស់គណៈកម្មាធិការប៉ារ៉ាអន្តរជាតិ ។

លោកអគ្គលេខាធិការបានបន្ថែមថា វគ្គនេះត្រូវបានចាត់ទុកថា ជាបណ្តាញធនធានមនុស្សផ្សាភ្ជាប់ រវាងគណៈកម្មាធិការជាតិប្រទេសមួយ ទៅប្រទេសមួយទៀត ជាពិសេសផ្សាភ្ជាប់ពីគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាជាមួយគណៈកម្មាធិការប៉ារ៉ាអន្តរជាតិតែម្តង។ ដូច្នេះ នេះជាទំនាក់ទំនង និងការក្រេបជញ្ជក់យកចំណេះដឹងពីអន្តរជាតិ ដោយមានការចូលរួមពីប្រទេសនានាមកពីតំបន់អាស៊ាន អាស៊ីកណ្តាល និងអាស៊ីខាងកើត» ។

ជាមួយគ្នានេះ លោក អ៊ូ គង់ គ្រូបង្វឹកកីឡាហែលទឹកជនពិការកម្ពុជា ដែលចូលរួមវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក នៅប្រទេសម៉ាឡេស៊ី រយៈពេល១សប្តាហ៍ បានលើកឡើងដែរថា ក្នុងបណ្តុះបណ្តាលដ៏សំខាន់នេះ សិក្ខាកាមទាំងអស់មានភាពផុសផុល ចង់យល់ដឹងកាន់តែស៊ីជម្រៅ ក៏ដូចជាចែករម្លែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីយកមកអភិវឌ្ឍជំនាញកីឡាជនពិការ នៅតាមប្រទេសរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ តាមរយៈវគ្គបណ្តុះបណ្តាលអន្តរជាតិមួយនេះ ត្រូវបាន លោក អ៊ូ គង់ គូសបញ្ជាក់ថា ខ្លួន ក៏ដូចជាមន្ត្រីកម្ពុជា៣រូបផ្សេងទៀត បានយល់ដឹងកាន់តែច្រើន អំពីការវាយតម្លៃ នៃពិការភាពរបស់កីឡាករ កីឡាការិនីមានពិការភាពថាតើ កម្រិតពិការរបស់កូនសិស្ស របស់ខ្លួនស្ថិតនៅកម្រិតពិការ Class ណាមួយ ដើម្បីចូលរួមប្រកួតជាតិ និងអន្តរជាតិឱ្យកាន់តែងាយស្រួល៕

Most Popular

To Top