ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Cathy Ying Zhang ភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្ស ប្រទេសចិន និងស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានទិញអតីតស្ថានទូតអ៊ីតាលី នៅកណ្តាលទីក្រុងឡុងដ៍ ក្នុងតម្លៃ ១៩.៥ លានផោន (២៥.៧ លានដុល្លារអាមេរិក)។
យោងតាមការចេញផ្សាយពី គេហទំព័រThe Telegraph បាននិយាយថា លោកស្រី Zhang បានរៀបការជាមួយស្ថាបនិក ក្រុមហ៊ុន Alibaba អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានទិញផ្ទះដែលមានបន្ទប់គេងចំនួន ៦ នៅ Belgravia កណ្តាលទីក្រុងឡុងដ៍ កាលពីខែតុលា ឆ្នាំមុន ។ អចលនទ្រព្យនេះ ដែលត្រូវបានសាងសង់នៅដើមសតវត្សរ៍ ធ្លាប់ជាកម្មសិទ្ធិរបស់រដ្ឋាភិបាល របស់លោក Benito Mussolini បានទិញវានៅឆ្នាំ ១៩២៣។
វីឡានេះ ក្រោយមកត្រូវបានប្រើជាការិយាល័យ របស់អនុព័ន្ធការពារជាតិអ៊ីតាលី ពេញមួយសតវត្សរ៍ទី ២០ ត្រូវបានលក់ដោយរដ្ឋាភិបាលអ៊ីតាលី នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។ អចលនទ្រព្យនេះមានទំហំ ៧,៩៤៨ ហ្វីតការ៉េ ហើយត្រូវបានប្តូរទៅជាលំនៅដ្ឋានប្រណីត ដែលមានរោងកុន ជណ្តើរយន្ត និងបន្ទប់គេងចំនួន ៦ ។
នេះបើយោងតាមកាសែត The Financial Times បាននិយាយថា ការទិញយកនេះ បន្ថែមទៅលើផល ប័ត្រអចលនទ្រព្យអន្តរជាតិ ដ៏ទូលំទូលាយរបស់ប្តីប្រពន្ធនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Jack Ma ភាគច្រើននៅឆ្ងាយពីក្រសែភ្នែក សាធារណជន ដោយចំណាយពេលភាគច្រើន របស់លោកនៅក្រៅប្រទេស រួមទាំងរយៈពេលមួយនៅទីក្រុងតូក្យូផងដែរ៕
